ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី (Aide Vladimir Medinsky) ដែលដឹកនាំគណៈប្រតិភូរុស្ស៊ី ចូលរួមកិច្ចពិភាក្សា នៅទីក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា ពុំមានកុមារអ៊ុយក្រែនណាម្នាក់ ត្រូវបានចាប់ពង្រត់ ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនោះទេ។ អ្វីទាំងអស់ដែលរុស្ស៊ីបានធ្វើ គឺជួយសង្គ្រោះកុមារពីការវាយប្រហារដោយគ្រាប់ផ្លោង ហើយឥឡូវនេះ ខ្លួនកំពុងចាត់វិធានការ ដើម្បីធ្វើឲ្យពួកគេជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya-24 ថា៖«ប្រសិនបើអ្នកសួរខ្ញុំថាតើកុមារប៉ុន្មាននាក់ ត្រូវបានចាប់ពង្រត់នោះ ខ្ញុំនឹងឆ្លើយតបអ្នកដោយការពិតថា ពុំមានកុមារណាម្នាក់ ត្រូវបានចាប់ពង្រត់ទេ។ «កុមារទាំងអស់ ត្រូវបានសង្គ្រោះដោយទាហានរបស់យើង ចំពេលមានការវាយប្រហារដោយគ្រាប់ផ្លោង ដែលអាចធ្វើឲ្យជីវិតរបស់ពួកគេមានគ្រោះថ្នាក់។ ឥឡូវនេះ បុគ្គលិកសង្គមរបស់យើងកំពុងចូលរួមក្នុងការបញ្ជូនពួកគេត្រឡប់ទៅជួបជុំគ្រួសារវិញ»។
លោកបានថ្កោលទោសនយោបាយកខ្វក់ ដែលពាក់ព័ន្ធជាមួយបញ្ហាកុមារ។ លោក មេឌីនស្គី បានសង្កត់ធ្ងន់ថា៖«វាគឺជារឿងចាំបាច់ណាស់ ដើម្បីធានាដល់ការវិលត្រឡប់របស់កុមារម្នាក់ៗ ទៅផ្ទះសម្បែងរបស់ខ្លួនវិញ។ «យើងបានរៀបចំចំនួនដប់ករណីរួចហើយ។ កុមារចំនួន ១០នាក់ទៀត នឹងជួបជុំជាមួយឪពុកម្តាយរបស់ពួកគេ។ តាមវិធីនេះ បើយោងតាមទិន្នន័យចុងក្រោយ យើងមានគម្រោងបញ្ជូនកូន ៩នាក់ ទៅប្រទេសរុស្ស៊ីវិញ ដោយសារតែឪពុកម្តាយរបស់ពួកគេ នៅទីនេះ»។
