អាជ្ញាធរស៊ីរី និងកម្លាំងដឹកនាំដោយក្រុមឃើដ បានដោះដូរអ្នកទោសជាង ៤០០នាក់ កាលពីថ្ងៃចន្ទ ជាផ្នែកនៃកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីដើមឆ្នាំនេះ រវាងភាគីទាំងពីរ។
ការដោះដូរអ្នកទោស នៅទីក្រុងអាឡិបប៉ូភាគខាងជើង គឺជាជំហានមួយ នៅក្នុងដំណើរការនៃវិធានការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលនៅទីក្រុងដាម៉ាស និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងឃើដ។ ការដោះដូរអ្នកទោសស្រដៀងគ្នានេះ បានកើតឡើង នៅក្នុងខែមេសា។
លោក Mulham Al-Akidi អភិបាលរងខេត្តអាឡិបប៉ូ បាននិយាយថា អ្នកទោសចំនួន ៤៧០នាក់ ត្រូវបានដោះលែងដោយភាគីទាំងពីរ ដោយបន្ថែមថា ការដោះដូរនេះ មានគោលបំណងកាត់បន្ថយភាពតានតឹងជាក់ស្តែង។ លោកបន្ថែមថា ប្រសិនបើមានអ្នកទោសជាច្រើនទៀត ពួកគេនឹងត្រូវបានដោះលែង នាពេលខាងមុខ។

លោកYasser Mohammed Hakim បាននិយាយថា លោកត្រូវបានឃុំខ្លួន កាលពី ៥ខែមុន បន្ទាប់ពីលោកបានដឹកតាមរថយន្តចូលទៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) ដោយច្រឡំ។ បុរសរូបនេះ បានបន្ថែមថា លោកត្រូវបានឃុំខ្លួន ក្នុងពន្ធនាគារ ដែលសមាជិកនៃក្រុមភេរវករដេស(Daesh) ត្រូវឃុំខ្លួនក្នុងប្រទេសស៊ីរី។
បន្ទាប់ពីលោកត្រូវបានដោះលែងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី លោក Hakim បានប្រាប់សារព័ត៌មាន AP ថា៖«ពួកគេបានដាក់ពួកយើងជាមួយនឹងភេរវករយ៉ាងច្រើន» ។ «ខ្ញុំជាជនស៊ីវិលដែលដើរផ្លូវខុស ខ្ញុំបានជាប់ពន្ធនាគារយៈពេល ៦ខែ»។
កាលពីខែមីនា រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរដឹកនាំដោយជនជាតិឃើដ ដែលគ្រប់គ្រងតំបន់ភាគឦសានរបស់ប្រទេសនេះ រួមទាំងបទឈប់បាញ់ និងការបញ្ចូលកម្លាំងសំខាន់ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅទីនោះ ទៅក្នុងកងទ័ពស៊ីរី។
