អភិបាលស្តីទី Alexander Khinshtein បាននិយាយនៅលើបណ្តាញ Telegram របស់ខ្លួនថា ការវាយប្រហារដោយកងទ័ពអ៊ុយក្រែន បានធ្វើឲ្យខូចខាតផ្ទះឯកជន និងផ្ទះពហុគ្រួសារជាង ៤០០ខ្នង នៅក្នុងតំបន់ឃើស(Kursk) របស់ប្រទេសរុស្ស៊ី ចាប់តាំងពីដើមឆ្នាំ ២០២៥។

លោកបានសរសេរថា៖«ចាប់តាំងពីដើមឆ្នាំ ២០២៥ មក លំនៅឋានឯកជនចំនួន ៣២៣ខ្នង និងផ្ទះពហុគ្រួសារចំនួន ១១៩ខ្នង ត្រូវបានខូចខាត ដោយការវាយប្រហាររបស់អ៊ុយក្រែន នៅក្នុងតំបន់Kursk។ ការងារ ដើម្បីជួសជុលផ្ទះទាំងអស់នោះ កំពុងដំណើរការ អគារឯកជនចំនួន ៣៥អគារ និងអគារផ្ទះល្វែងចំនួន ១០អគារ ត្រូវបានជួសជុល កាលពីក្នុងសប្តាហ៍មុន ហើយកិច្ចខិតខំប្រឹងប្រែងជួសជុល នៅតែបន្តនៅក្នុងផ្ទះចំនួន ១២០ខ្នងទៀត»។
លោក Khinshtein បានបន្ថែមថា ការឈូសឆាយកម្ទេចថ្មស្ពានផ្លូវដែកក្នុងសង្កាត់ Zheleznogorsky ក៏នៅតែបន្តដំណើរការដែរ។ ប្រធានបណ្ដោះអាសន្ននៃតំបន់នេះ បានសង្កត់ធ្ងន់ថា៖«ទោះបីជាផ្លូវហាយវេដែលពោរពេញដោយកម្ទេចកម្ទីបាក់បែក គឺជាផ្លូវសហព័ន្ធក៏ដោយ អ្នកឯកទេសនៃក្រសួងដឹកជញ្ជូនក្នុងតំបន់នេះ ក៏នឹងមានវត្តមាននៅទីនោះផងដែរ ដើម្បីត្រួតពិនិត្យ។ នាពេលខាងមុខនេះ ខ្ញុំនឹងទៅកន្លែងនោះដោយផ្ទាល់»។
កាលពីព្រឹកថ្ងៃទី ០១ ខែមិថុនា ស្ពានផ្លូវដែកមួយ បានដួលរលំនៅក្នុងស្រុក Zheleznogorsky នៃតំបន់ Kursk បានបណ្តាលឲ្យរថភ្លើងឆ្លងកាត់ផ្លូវដែកធ្លាក់ចេញពីផ្លូវ។ មនុស្សបីនាក់ បានរងរបួសដោយសារឧបទ្ទវហេតុនេះ។
