ក្រសួងការបរទេសចិននិយាយនៅថ្ងៃអង្គារនេះថា បុរសជនជាតិជប៉ុន ២នាក់ដែលត្រូវបានសម្លាប់កាលពីខែមុន នៅទីក្រុងភាគឦសាន Dalian គឺជាដៃគូធុរកិច្ចរបស់ជនសង្ស័យ ហើយក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតលើករណីឃាតកម្មមួយនេះ ។
នគរបាលក្រុង Dalian បានបញ្ជាក់ករណីខាងលើនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ ហើយពួកគេនិយាយថា បុរសសង្ស័យវ័យ ៤២ឆ្នាំដែលជាជនជាតិចិន ត្រូវបានចាប់ខ្លួន ។ សេចក្តីថ្លែងការណ៍បន្តថា បុរសសង្ស័យនេះ បានរស់នៅក្នុងប្រទេសជប៉ុនអស់រយៈពេលជាយូរយារណាស់មកហើយ ។

នគរបាលនិយាយថា ជនរងគ្រោះទាំង ២នាក់ គឺជាដៃគូធុរកិច្ចរបស់ជនសង្ស័យដែលបានចូលមកក្នុងប្រទេសចិនបណ្តោះអាសន្ន ហើយឧបទ្ទេវហេតុនេះ បង្កឡើងដោយសារជម្លោះធុរកិច្ច ។
ទីភ្នាក់ងារព័ត៌មាន Kyodo News រាយការណ៍ថា ឧបទ្ទេវហេតុនេះ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍មុន ដោយពួកគេលើកឡើងពីប្រភពរបស់ស្ថានទូតជប៉ុនប្រចាំនៅប្រទេសចិន ។ នគរបាលចិន បានជូនដំណឹងស្ថានកុងស៊ុលជប៉ុននៅទីក្រុងភាគឦសាន Shenyang កាលពីថ្ងៃទី ២៥ ខែឧសភា ពីករណីឃាតកម្មមួយនេះ ។
លោក Lin Jianគឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា កាលពីថ្ងៃទី ២៣ ខែឧសភា មន្ទីរសន្តិសុខសាធារណៈក្រុង Dalian ទទួលបានសេចក្តីរាយការណ៍ពីករណីព្រហ្មទណ្ឌដែលបណ្តាលឲ្យមនុស្ស ២នាក់ បាត់បង់ជីវិត ។ ការស៊ើបអង្កេតដំបូងបង្ហាញថា ជនរងគ្រោះ គឺជាជនជាតិជប៉ុន និងជាដៃគូធុរកិច្ចរបស់ជនសង្ស័យ ៕
