ខ្សែប្រយុទ្ធ Paris Saint Germain, Ousmane Dembele បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រនៅទីលានវាយកូនបាល់ Grand Slam, French Open នៅពេលនាំយកពាន Champions League មកបង្អួត និងដាក់បង្ហាញ។
ក្លិបយក្សរបស់បារាំង PSG បានយកឈ្នះក្លិបអ៊ីតាលី Inter Milan ៥-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃសៅរ៍ នៅទីក្រុងមូនិចប្រទេសអាល្លឺម៉ង់ ដើម្បីគ្រងជើងឯកក្លិបកំពូលអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
កីឡាករបារាំង Ousmane Dembele ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំ UCL រដូវកាលនេះ បានបន្តការអបអរសាទរពាន UCL របស់ខ្លួននៅទីលានវាយកូនបាល់ Philippe Chatrier នៅចំពោះមុខអ្នកគាំទ្រជាង មួយម៉ឺននាក់ ក្រោយការប្រកួតរបស់កីឡាការិនីអាមេរិក Jessica Pegula ដែលធ្លាក់ពីការប្រកួតគួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃកីឡាការិនីលំដាប់លេខ ៣៦១ ពិភពលោក។
សូមបញ្ជាក់ថា Paris Saint Germain គឺជាក្លិបបារាំងទីពីរប៉ុណ្ណោះដែលឈ្នះជើងឯកក្របខណ្ឌកំពូលរបស់អឺរ៉ុបនេះ បន្ទាប់ពី Olympique de Marseille ដែលឈ្នះនៅឆ្នាំ ១៩៩៣។
Ousmane Dembele នៅពេលនេះ ត្រូវបានគេគិតថាមានភាគរយខ្ពស់ក្នុងការឈ្នះជើងឯកកីឡាករឆ្នើមប្រចាំរដូវកាល Ballon d’Or ផងដែរ៕
អត្ថបទ៖នាង សុភាវុធ