ការវាយប្រហារលើបាតុករ នៅទីក្រុង Boulder ក្នុងរដ្ឋ Colorado ដែលដើរដង្ហែរគាំទ្រចំណាប់ថ្នូរអ៊ីស្រាអែលជាប់ឃុំខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប នឹងរំខានដល់ប្រជាជនជ្វីហ្វ នៅទូទាំងប្រទេសនេះ បើទោះបីជាវាជាព្រឹត្តិការណ៍ថ្មីៗតែមួយគត់ក៏ដោយ។
បើយោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា ជនសង្ស័យបានប្រាប់អ្នកស៊ើបអង្កេតបន្ទាប់ពីត្រូវបានចាប់ខ្លួនថា រូបគេបានរៀបចំផែនការវាយប្រហារអស់រយៈពេល ១ឆ្នាំមកហើយ។ ហេតុការណ៍នោះ បាននាំឲ្យមនុស្ស ៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ សម្រាប់មនុស្សជាច្រើន ការភ្ជាប់ព្រឹត្តិការណ៍នេះទៅនឹងការផ្ទុះនូវអំពើហិង្សាថ្មីៗផ្សេងទៀត គឺមិនអាចរំលងបាននោះឡើយ។
ការវាយប្រហារ នៅទីក្រុង Boulder បានកើតឡើងក្នុងរយៈពេលមិនដល់ជាង ២សប្តាហ៍ផងបន្ទាប់ពីបុគ្គលិកស្ថានទូតអ៊ីស្រាអែល ២នាក់ ត្រូវបានបាញ់សម្លាប់ ខណៈដែលពួកគេចាកចេញពីកន្លែងទទួលភ្ញៀវ នៅឯសារមន្ទីរជនជាតិជ្វីហ្វ ក្នុងទីក្រុងវ៉ាស៊ីនតោន។

នៅមួយខែមុននោះ មនុស្សម្នាក់បានបង្កហេតុដុតផ្ទះរបស់អភិបាលរដ្ឋ Pennsylvania នៅយប់ដំបូងនៃថ្ងៃសម្រាកបុណ្យរបស់ជនជាតិជីហ្វ ខណៈដែលលោកអភិបាល Josh Shapiro ដែលជាជនជាតិជ្វីហ្វ បានសម្រាកនៅជាន់ខាងលើជាមួយគ្រួសាររបស់លោក។
លោកស្រី Halie Soifer នាយកប្រតិបត្តិនៃក្រុមប្រឹក្សាប្រជាធិបតេយ្យជនជាតិជ្វីហ្វអាមេរិក បាននិយាយថា៖ «អ្វីដែលយើងបានឃើញកាលពីប៉ុន្មានខែចុងក្រោយនេះ គឺជាគំរូដ៏គួរឲ្យភ្ញាក់ផ្អើលនៃអារម្មណ៍ប្រឆាំងនឹងអ៊ីស្រាអែលដែលលេចឡើងកាន់តែច្បាស់ នៅក្នុងអំពើហិង្សាប្រឆាំងជនជាតិជ្វីហ្វ។ ដោយឧប្បត្តិហេតុនីមួយៗ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍គ្មានសុវត្ថិភាពរបស់យើងបន្ថែមទៀត»។
នៅរដ្ឋ Colorado និង Washington អាជ្ញាធរ បានប្រាប់ឲ្យដឹងថា ជនសង្ស័យបានស្រែកថា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីនសេរី» នៅកន្លែងកើតហេតុ។ ចំណែកនៅរដ្ឋ Pennsylvania អ្នកបង្កអគ្គិភ័យ ក្រោយមកបាននិយាយថា រូបគេបានលួចដុតជាការឆ្លើយតប ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន៕

