កីឡាការិនីវាយកូនបាល់លំដាប់លេខ ៣៦១ ពិភពលោក Lois Boisson បានធ្វើឱ្យមានការភ្ញាក់បំផុតនៅ Grand Slam, French Open ឆ្នាំនេះ តាមរយៈជ័យជំនះលើកីឡាការិនីលំដាប់លេខបីរបស់កម្មវិធី Jessica Pegula នៅជុំទីបួន។
កីឡាការិនីបារាំងរូបនេះ ទទួលបានការអញ្ជើញឱ្យចូលរួម French Open ឆ្នាំនេះ បន្ទាប់ពីរងរបួសដាច់សសៃជង្គង់ឆ្នាំមុន។
Lois Boisson បានឆ្លងផុតបីប្រកួតរួចមកហើយនៅ French Open ឆ្នាំនេះតែមិនដែលជួបគូប្រកួតក្នុងលំដាប់ Top50 ពិភពលោកឡើយ មុនជ័យជំនះលើជើងឯករងឆ្នាំមុន Jessica Pegula ៣-៦ ៦-៤ និង ៦-៤។
ជុំបន្ត Lois Boisson នឹងត្រូវជួបជាមួយកីឡាការិនីវ័យក្មេងរុស្ស៊ី Mirra Andreeva នៅវគ្គ ៨ នាក់ចុងក្រោយ។
ងាកមកការប្រកួតផ្នែកបរុសវិញ ជើងឯកបីសម័យ Novak Djokovic បានបន្តដំណើរឡើងវគ្គ ៨ នាក់ចុងក្រោយហើយក្រោយយកឈ្នះកីឡាករអង់គ្លេស Cameron Norrie បីសិតផ្ទួនៗ ៦-២ ៦-៣ និង ៦-២ ដែលជាជ័យជំនះប្រកួតទី ១០០ របស់ខ្លួននៅ French Open។
ជ័យជំនះ ១០០ ប្រកួតគឺតាមស្មើកំណត់ត្រារបស់ Rafael Nadal ផងដែរ ខណៈដែលកីឡាករស៊ែបរូបនេះ ក៏រកបានជ័យជំនះ ៩៩ ប្រកួតផងដែរនៅ Australian Open។
ជុំបន្តជើងឯក Grand Slam ២៤ លើករូបនេះនឹងត្រូវជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev នៅវគ្គ ៨ នាក់ចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ