លោក Maurizio Sarri បានវិលត្រលប់ជាថ្មីមកកាន់តំណែងជាគ្រូបង្គោលនៃក្លិបអ៊ីតាលី Lazio មួយឆ្នាំបន្ទាប់ពីសម្រេចចិត្តលាលែងពីតំណែង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីតាលី Adnkronos កាលពីថ្ងៃចន្ទ។
អតីតអ្នកចាត់ការ Chelsea និង Juventus រូបនេះ បានត្រលប់មកកាន់តំណែងនៅទីក្រុងរ៉ូមជាមួយនឹងកិច្ចសន្យារយៈពេលពីរឆ្នាំដឹកនាំ Lazio ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំ។
រំលឹកថាលោក Maurizio Sarri បានលាលែងពីតំណែងនៅ Lazio កាលពីខែមីនាឆ្នាំ ២០២៤ ហើយ Lazio ក៏បញ្ចប់រដូវកាល ២០២៣-២៤ នោះនៅចំណាត់ថ្នាក់លេខ ៧ បន្ទាប់ពីរដូវកាលមុននោះបានលេខ ២។
រដូវកាលដែលទើបបញ្ចប់នេះ Lazio បញ្ចប់នៅចំណាត់ថ្នាក់លេខ ៧ ម្តងទៀតក្រោមការដឹកនាំរបស់លោក Marco Baroni ដែលត្រូវបានដកតំណែង។
រំលឹកថាលោក Maurizio Sarri មានបទពិសោធក្រាសក្រែលក្នុងការដឹកនាំនៅអ៊ីតាលីក្រោយចាប់ផ្តើមអាជីពនៅឆ្នាំ ១៩៩០ ពោលគឺ Lazio ជាក្លិបអ៊ីតាលីទី ២០ ដែលលោកធ្លាប់ដឹកនាំ ខណៈដែល Chelsea ជាក្លិបមិនមែនអ៊ីតាលីតែមួយគត់ដែលបុរសវ័យ ៦៦ ឆ្នាំរូបនេះធ្លាប់ដឹកនាំ៕
អត្ថបទ៖នាង សុភាវុធ