ផ្សារភាគហ៊ុន Damascus Securities Exchange របស់ស៊ីរី បានបើកដំណើរការឡើងវិញហើយកាលពីថ្ងៃចន្ទ ក្រោយបិទអស់រយៈពេល ៦ខែ ។
ទីភ្នាក់ងារព័ត៌មាន SANA រាយការណ៍ថា ផ្សារភាគហ៊ុនស៊ីរី បានបិទការធ្វើជំនួញកាលពីថ្ងៃទី ៥ ខែធ្នូ ដោយសារតម្រូវការវាយតម្លៃស្ថានភាពប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចូលរួមចំណែក ។
លោក Suleiman Mousselli គឺជាអនុប្រធានផ្សារភាគហ៊ុន Damascus Securities Exchange និយាយថា ក្រុមហ៊ុនចំនួន ១៤ ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីចំនួន ២៨ បានចាប់ផ្តើមធ្វើជំនួញឡើងវិញ ដែលត្រូវបានគេមើលឃើញថាជាចំណុចផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ចខ្ទេចខ្ទាំដោយសារសង្រ្គាមរបស់ប្រទេសមួយនេះ ។

លោកបន្តថា ពួកយើងសង្ឃឹមថា ពួកយើងនឹងទទួលបានអត្ថប្រយោជន៍ពីការដកចេញទណ្ឌកម្ម ដើម្បីចាប់ផ្តើមឡើងវិញប្រព័ន្ធរបស់ពួកយើង ពីព្រោះថា មាននូវការរឹតត្បិតលើការផ្ទេរបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់ដែលស្ថិតក្រោមទណ្ឌកម្ម ។
លោកថា បច្ចុប្បន្នគ្មានទណ្ឌកម្មទៀតទេ ពួកយើងសង្ឃឹមថានឹងអាចទទួលបានបច្ចេកវិទ្យាខ្ពស់ រួចបញ្ចូលវាទៅក្នុងការធ្វើមុខជំនួញរបស់ពួកយើង ។ នេះនឹងជួយពួកយើងក្នុងការធ្វើជំនួញ និងការរតាមដាន ៕
