ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនដែលបានកំណត់គោលដៅទៅលើមូលដ្ឋានទ័ពអាកាស រុស្ស៊ីជាច្រើន ដែលមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលអាចបំពាក់នុយក្លេអ៊ែរ គឺមិនធ្លាប់មានពីមុនមក ក្នុងវិសាលភាពនិងភាពទំនើបរបស់វា ជាលើកដំបូង បានទៅដល់តំបន់ស៊ីបេរី ដែលបានបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់យោធារុស្ស៊ី។
អ៊ុយក្រែនបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកជាង ៤០គ្រឿង ឬប្រហែលមួយភាគបីនៃកងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី ត្រូវបានខូចខាត ឬបំផ្លាញកាលពីថ្ងៃអាទិត្យ បើទោះបីជាទីក្រុងមូស្គូបាននិយាយថា មានតែយន្តហោះ ៤-១០គ្រឿងប៉ុណ្ណោះ ដែលត្រូវរងការវាយប្រហារ។
ការអះអាងដែលមានជម្លោះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ហើយវីដេអូនៃការវាយប្រហារដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញថា មានតែយន្តហោះទម្លាក់គ្រាប់បែកពីរបីគ្រឿង ប៉ុណ្ណោះ ត្រូវបានវាយប្រហារ។
ប៉ុន្តែការវាយប្រហារយ៉ាងព្រហឺនបែបនេះ បានបង្ហាញពីសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការវាយលុកលើគោលដៅដែលមានតម្លៃខ្ពស់គ្រប់ទីកន្លែង នៅក្នុងប្រទេសរុស្ស៊ី ដោយបានធ្វើឲ្យមានការអាម៉ាស់ដល់វិមានក្រឹមឡាំង និងធ្វើឲ្យមានការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់នូវគ្រឿងយុទ្ធោបករណ៍របស់ទីក្រុងមូស្គូ។
ខណៈពេលដែលអ្នកសរសេរប្លុកយោធារុស្ស៊ីមួយចំនួន បានប្រៀបធៀបវាទៅនឹងការវាយប្រហារដ៏គួរឲ្យ ភ្ញាក់ផ្អើលដ៏អាក្រក់មួយផ្សេងទៀតកាលពីថ្ងៃអាទិត្យ គឺការវាយប្រហាររបស់ប្រទេសជប៉ុនលើមូលដ្ឋានសហរដ្ឋអាមេរិក នៅឯកំពង់ផែ Pearl Harbor ក្នុងឆ្នាំ ១៩៤១ អ្នកផ្សេងទៀត បានច្រានចោលភាពស្រដៀងគ្នានេះ ដោយអះអាងថា ការខូចខាតជាក់ស្តែង គឺតិចជាងការអះអាងរបស់អ៊ុយក្រែន។