នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-Erdene បានលាលែងពីតំណែង នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) នេះ បន្ទាប់ពីមានការតវ៉ាប្រឆាំងអំពើពុករលួយជាច្រើនសប្តាហ៍ នៅក្នុងរដ្ឋធានីរបស់ប្រទេស។
ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលគ្មានព្រំប្រទល់ជាប់សមុទ្រនៅអាស៊ីភាគខាងជើង បានប្រឹងប្រយុទ្ធនឹងអំពើពុករលួយចាក់ឫសយ៉ាងជ្រៅអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមនុស្សជាច្រើនបានលើកឡើងថា ឥស្សរជនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាច្រើន កំពុងទទួលបានផលមហាសាលជាងប្រជាជនសាមញ្ញទូទៅពីការជីកយករ៉ែធ្យូងថ្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
អារម្មណ៍ខកចិត្តបានមានកាន់តែខ្លាំងៗ គិតចាប់តាំងពីខែឧសភា ខណៈដែលការសង្ស័យជាសាធារណៈជីវិតរស់នៅដ៏ប្រណីតរបស់គ្រួសារលោកនាយករដ្ឋមន្ត្រី បានជំរុញឲ្យមានបាតុកម្មជាបន្តបន្ទាប់ នៅក្នុងរដ្ឋធានី Ulaanbaatar ។

បើតាមសេចក្តីថ្លែងការណ៍របស់សភា លោក Oyun-Erdene បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីបានមិនអាចទទួលបានគាំទ្រ អំឡុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ក្នុងចំណោមសមាជិកសភា។ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសម្ងាត់ត្រូវបានប្រកាស លោកបាននិយាយថា៖ «វាជាកិត្តិយសក្នុងការបម្រើប្រទេស និងប្រជាជនរបស់ខ្ញុំ ក្នុងគ្រាលំបាក ក្នុងនោះរួមទាំងក្នុងអំឡុងពេលមានជំងឺរាតត្បាត សង្គ្រាម និងបញ្ហាពន្ធគយផងដែរ»។
យ៉ាងណាក្ដី លោក Oyun-Erdene នឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់អ្នកស្នងតំណែងលោក ត្រូវបានតែងតាំងក្នុងរយៈពេល ៣០ថ្ងៃ៕

