កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី១៧ ឆ្នាំ២០២១ នៅប្រទេសកាហ្សាក់ស្ថាន គិតត្រឹមដើមសប្ដាហ៍នេះ ។
យោងតាមប្រភពសហព័ន្ធកីឡាការ៉ាតេកម្ពុជា មេដាយសំរឹទ្ធក្របខណ្ឌអាស៊ីនេះ ដណ្ដើមបានដោយកីឡាការិនី លឹម សុខវិច្ឆិកា លើវិញ្ញាសាយុវនាទីទម្ងន់ក្រោម ៥៩គីឡូក្រាម និងកីឡាការិនី ឆន ស្រីភា លើវិញ្ញាសាយុវនាទីអាយុក្រោម ២១ឆ្នាំទម្ងន់ក្រោម ៥៥គីឡូក្រាម ។ នេះគឺជាលើកទី២ ហើយ ដែលកីឡាការិនី លឹម សុខវិច្ឆិកា ដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាការ៉ាតេប្រចាំទ្វីបអាស៊ីនេះ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ី លើកទី១៧ ឆ្នាំ២០២១ នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាននេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ដោយមានអត្តពលិកប្រមាណ ៤៥ប្រទេសចូលរួម ក្នុងនោះក៏មានប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជាចូលរួមចំនួន ២០រូបផងដែរ ដែលបានចាកចេញពីមាតុភូមិចូលរួមព្រឹត្តិការណ៍នេះ តាំងពីថ្ងៃទី១៣ ខែធ្នូកន្លងទៅម្ល៉េះ ៕ អត្ថបទ៖ លី ឈុនឡា


