នៅថ្ងៃអង្គារនេះ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានព្រមានពីគ្រាអាសន្នសុខភាពសាធារណៈ ស្របពេលដែលករណីឆ្លងវីរុសហ៊ីវហក់ឡើងខ្ពស់ក្នុងឆ្នាំនេះ ក្នុងនោះបុរសវ័យក្មេងរងផលប៉ះពាល់ខ្លាំងជាងគេ ។
ទិន្នន័យពីក្រសួងសុខាភិបាលហ្វីលីពីនបង្ហាញថា ជាមធ្យមករណីឆ្លងថ្មី ៥៧នាក់ ត្រូវបានរកឃើញក្នុង ១ថ្ងៃ នៅក្នុងប្រទេសមានពលរដ្ឋ ១១៧លាននាក់មួយនេះ នៅត្រីមាសដំបូងក្នុងឆ្នាំ ២០២៥ ពោលគឺកើនឡើង ៥០ភាគរយធៀបនឹងរយៈពេល ១ឆ្នាំមុន ។

លោក Ted Herbosa គឺជារដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្វីលីពីន និយាយក្នុងសារវីដេអូនៅថ្ងៃអង្គារនេះថា បច្ចុប្បន្នពួកយើងមាននូវចំនួនខ្ពស់បំផុតនៃករណីឆ្លងថ្មីនៅទីនេះ នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ។ លោកថា អ្វីដែលពួកយើងភ័យខ្លាច គឺយុវជនរបស់ពួកយើងឆ្លងករណីថ្មីច្រើនជាងគេ ។
លោក Herbosa និយាយទៀតថា វាគួរតែជាផលប្រយោជន៍របស់ពួកយើង ក្នុងការប្រកាសគ្រាអាសន្នសុខភាពសាធារណៈ គ្រាអាសន្នជាតិសម្រាប់វីរុសហ៊ីវ ដើម្បីប្រមូលផ្តុំសង្គមទាំងមូល រដ្ឋាភិបាលទាំងមូល ជួយពួកយើងក្នុងយុទ្ធនាការនេះ ដើម្បីកាត់បន្ថយករណីឆ្លងវីរុសហ៊ីវថ្មី ។
ក្រសួងសុខាភិបាលហ្វីលីពីន និយាយថា ៩៥ភាគរយនៃករណីឆ្លងថ្មីរាយការណ៍គឺជាបុរស ក្នុងនោះ ៣៣ភាគរយមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ២៤ឆ្នាំ ហើយ ៤៧ភាគរយ មានអាយុចាប់ពី ២៥ឆ្នាំ ដល់ ៣៤ឆ្នាំ ៕
