ក្រសួងការបរទេសអ៊ុយក្រែន និយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្ស ៣នាក់ និងមនុស្ស ១៦នាក់ផ្សេងទៀត រងរបួស នៅទីក្រុង Sumy ប្រទេសអ៊ុយក្រែន ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Andrii Sybiha បានចាត់ទុកការវាយប្រហារនេះថា មានចេតនាលើមជ្ឈមណ្ឌលទីក្រុង និងជនស៊ីវិលនៅទីនោះ ។
ក្រុមរដ្ឋអាជ្ញាក្នុងស្រុកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កុមារយ៉ាងហោច ៤នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា រុស្ស៊ីបើកការវាយប្រហារដោយគ្រាប់កាំភ្លើងធំលើទីក្រុងភាគឦសាន Sumy ។ លោកបន្តថា ប្រតិបត្តិការជួយសង្រ្គោះ កំពុងធ្វើឡើង ហើយគ្រាប់កាំភ្លើងធំនៃប្រព័ន្ធរ៉ុក្កែតចម្រុះកាណុង បាញ់ចូលទៅក្នុងផ្ទះល្វែងជាន់ទី ៩ មិនបានផ្ទុះនោះទេ ៕