មន្ត្រីសន្តិសុខរុស្ស៊ីជាន់ខ្ពស់ លោក Dmitry Medvedev នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) នេះ បាននិយាយថា គោលបំណងនៃកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន គឺដើម្បីធានាបាននូវជ័យជម្នះយ៉ាងឆាប់រហ័ស និងទាំងស្រុងរបស់រុស្ស៊ី។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី លោក Medvedev ដែលគាំទ្រការធ្វើសង្គ្រាម បានលើកឡើងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល មិនមែនដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពបែបសម្របសម្រួល តាមលក្ខខណ្ឌបំភ័ន្តរបស់នរណាម្នាក់នោះឡើយ ប៉ុន្តែគឺដើម្បីធានាឲ្យបាននូវជ័យជម្នះដ៏ឆាប់រហ័សរបស់យើង និងការបំផ្លាញទាំងស្រុងនូវរបបណាហ្ស៊ីបែបថ្មី។ នោះជាអ្វីដែលអនុស្សរណៈរបស់រុស្ស៊ី បានចេញផ្សាយកាលពីម្សិលមិញ ផ្ដោតលើ»។
លោក Medvedev បាននិយាយសំដៅទៅលើសំណុំនៃការទាមទាររបស់រុស្ស៊ីដែលបង្ហាញដល់អ៊ុយក្រែនក្នុងកិច្ចពិភាក្សាក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃចន្ទ (ទី២ ខែមិថុនា)។ អនុស្សរណៈនោះ មានរួមបញ្ចូលទាំងការប្រគល់ដែនដីបន្ថែមទៀត ក្លាយជាប្រទេសអព្យាក្រឹត ទទួលយកទំហំមានកំណត់នៃកងទ័ពអ៊ុយក្រែន និងរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីថ្មី។
គួរបញ្ជាក់ថា អំឡុងកិច្ចចរចាដែលមានរយៈពេលត្រឹមតែ ១ម៉ោង ភាគីទាំង២ បានព្រមព្រៀងគ្នាលើការដោះដូរថ្មីនូវអ្នកទោសសង្គ្រាម និងការផ្លាស់ប្ដូរទាហានដែលបានបាត់បង់ជីវិតចំនួន ១២.០០០នាក់ ប៉ុន្តែមិនមែនបទឈប់បាញ់ដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តកំពុងជំរុញឲ្យរុស្ស៊ីទទួលយកនោះឡើយ។
ជាមួយគ្នានេះដែរ ជាក្នុងការឆ្លើយតបជាក់ស្តែង ចំពោះការវាយប្រហារកាលពីចុងសប្តាហ៍របស់អ៊ុយក្រែនលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី លោក Medvedev បានបញ្ជាក់ថា ទីក្រុងមូស្គូនឹងសងសឹក៕