ចៅក្រមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងបើកសវនាការ ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមេទ័ពអ៊ូហ្គង់ដាដែលរត់គេចខ្លួន គឺលោក Joseph Kony នៅខែកញ្ញា បន្ទាប់ពីតុលាការ នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) នេះ បានទម្លាក់ចោលបណ្តឹងឧទ្ធរណ៍ពីក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទ។
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ ICC សវនាការដែលហៅថា «ការបញ្ជាក់អំពីការចោទប្រកាន់» នៅថ្ងៃទី៩ ខែកញ្ញា នឹងត្រូវធ្វើឡើងដោយកំបាំងមុខ ដោយជនជាប់ចោទលោក Kony នៅតែរត់គេចខ្លួនដដែល។
លោកត្រូវបានជាប់សង្ស័យពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំនួន ៣៩ករណីដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តនៅចន្លោះខែកក្កដា ឆ្នាំ២០០២ និងខែធ្នូ ឆ្នាំ២០០៥ នៅភាគខាងជើងប្រទេសអ៊ូហ្គង់ដា។
អតីតក្មេងប្រុសបម្រើក្នុងវិហារកាតូលិក និងដែលប្រកាសខ្លួនឯងថា ជាព្យាការី លោក Kony បានបង្កើត និងដឹកនាំក្រុមឧទ្ទាមដ៏ឃោរឃៅបំផុតរបស់អ៊ូហ្គង់ដា គឺកងទ័ពតស៊ូរបស់ព្រះអម្ចាស់ (LRA) ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ការបះបោររបស់ LRA ប្រឆាំងនឹងប្រធានាធិបតី លោក Yoweri Museveni បានឃើញមនុស្សជាង ១០០.០០០នាក់ ត្រូវបានសម្លាប់ ហើយកុមារ ៦០.០០០នាក់ ត្រូវបានចាប់ពង្រត់នៅក្នុងសម័យកាលនៃអំពើភេរវកម្មដែលរីករាលដាលដល់ប្រទេសជិតខាងមួយចំនួន។
លោក Kony ប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ក្នុងនោះរួមទាំងអំពើឃាតកម្ម ការធ្វើទារុណកម្ម អំពើទាសភាព ការឆក់ប្លន់ បង្ខាំងមនុស្សជាទាសករផ្លូវភេទ ការរំលោភ និងការបង្ខំឲ្យមានផ្ទៃពោះ៕