សារព័ត៌មាន Nikkei បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់ខែលការពារមីស៊ីល Golden Dome ដែលត្រូវបានគ្រោងទុករបស់លោក ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ក្នុងខែនេះ។
ដោយមិនបាននិយាយយោងទៅដល់ប្រភព សារព័ត៌មាននេះបានឲ្យដឹងថា ប្រទេសទាំង២ ត្រូវបានរំពឹងថា នឹងធ្វើការរួមគ្នាលើប្រព័ន្ធ ដើម្បីទប់ស្កាត់ការវាយប្រហារ នាពេលខាងមុខ ហើយការចូលរួមរបស់ទីក្រុងតូក្យូ អាចជាឱកាសអំណោយផល ក្នុងការទទួលបានសម្បទាន សម្រាប់ការចរចាបញ្ហាពន្ធដែលកំពុងបន្តមានជាមួយទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា លោក Trump ក្នុងខែនេះ បាននិយាយថា លោកបានជ្រើសរើសការរចនា សម្រាប់គម្រោងខែលការពារដែលមានតម្លៃ ១៧៥ពាន់លានដុល្លារ ហើយបានតែងតាំងឧត្តមសេនីយ៍អវកាសរបស់សហរដ្ឋអាមេរិក លោក Michael Guetlein ដើម្បីដឹកនាំគម្រោងនេះ ដែលលោកចង់ឲ្យរួចរាល់នៅចុងបញ្ចប់នៃអាណត្តិរបស់លោក ក្នុងឆ្នាំ២០២៩។ ការិយាល័យថវិកាសភា ប៉ាន់ស្មានថា គម្រោង Golden Dome អាចចំណាយអស់ទឹកប្រាក់ ៨៣១ពាន់លានដុល្លារ ក្នុងរយៈពេល ២ទសវត្សរ៍។
ជប៉ុន និងអាមេរិក ធ្លាប់បានសហការគ្នាលើប្រព័ន្ធការពារមីស៊ីលបាលីស្ទិក ក្នុងមនោះរួមមានទាំងការអភិវឌ្ឍរួមគ្នានូវឧបករណ៍ស្ទាក់ចាប់ដែលមានសមត្ថភាពបាញ់ក្បាលគ្រាប់ក្នុងលំហផងដែរ៕