វិមានក្រឹមឡាំងនិយាយនៅថ្ងៃអង្គារនេះថា ការងារលើការព្យាយាមឈានដល់ដំណោះស្រាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន មានលក្ខណៈស្មុគស្មាញខ្លាំងណាស់ ហើយវានឹងខុសក្នុងការរំពឹងដល់ការសម្រេចចិត្តជិតមកដល់ណាមួយនោះ ។
ការធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយរុស្ស៊ី និយាយប្រាប់អ៊ុយក្រែននៅកិច្ចប្រជុំស្វែងរកសន្តិភាពក្នុងប្រទេសទួរគីកាលពីថ្ងៃចន្ទថា ពួកគេយល់ព្រមបញ្ចប់ការប្រយុទ្ធគ្នា បើសិនជាទីក្រុងគីវ បោះបង់ដែនដីមួយចំណែកធំថ្មី ហើយទទួលយកការកំណត់ទំហំកងទ័ពរបស់ខ្លួន គឺជាការទាមទារមួយដែលអ៊ុយក្រែនធ្វើការច្រានចោលម្តងហើយម្តងទៀត ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងឈានដល់នៅកិច្ចប្រជុំក្នុងទីក្រុងអ៊ីស្តង់ប៊ុល គឺគ្រាន់តែដោះដូរអ្នកទោស និងសាកសពទាហានដែលបានស្លាប់ប៉ុណ្ណោះ ហើយការងារលើការឯកភាពគ្នាចំពោះលទ្ធភាពនៃដំណោះស្រាយបញ្ចប់សង្រ្គាម នឹងត្រូវបន្ត ។
លោកបន្តថា រុស្ស៊ី និងសហរដ្ឋអាមេរិកនៅមិនទាន់បានយល់ព្រមលើទំនាក់ទំនងនាពេលអនាគតច្បាស់លាស់នោះទេ រវាងលោកប្រធានាធិបតី Vladimir Putin និងសមភាគីសហរដ្ឋអាមេរិកលោក Donald Trump ប៉ុន្តែលោក Putin ត្រៀមខ្លួនរួចរាល់សម្រាប់ទំនាក់ទំនងកម្រិតខ្ពស់ជាច្រើន បើសិនជាពួកគេរៀបចំបានយ៉ាងត្រឹមត្រូវ ៕