អនុប្រធានរបស់គណបក្ស ANO លោក Karel Havlicek នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា គណបក្សប្រឆាំងមួយនេះគ្រោងនឹងស្នើឲ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត ចំពោះរដ្ឋាភិបាលឆេក បន្ទាប់ពីរដ្ឋមន្ត្រីយុត្តិធម៌ បានលាលែងពីតំណែង ដោយសាររឿងអាស្រូវទទួលយកអំណោយជាប្រាក់ប៊ីតខនចំនួន ៤៥លានដុល្លារពីអតីតអ្នកទោស។
លោករដ្ឋមន្ត្រី Pavel Blazek ដែលជាមេធាវី និងជាមន្ត្រីជាន់ខ្ពស់ជើងចាស់ នៅក្នុងគណបក្សកណ្តាល-ស្តាំនិយម Civic Democrats របស់នាយករដ្ឋមន្ត្រី លោក Petr Fiala បានបដិសេធថា មិនបានធ្វើអ្វីខុសច្បាប់នោះឡើយ ក្នុងអំឡុងពេលសម្រេចចិត្តទទួលយកអំណោយនោះ ដែលជាផ្នែកមួយនៃប្រគល់ការកាន់កាប់រូបិយប័ណ្ណគ្រីបតូទៅឲ្យអតីតអ្នកទោសវិញ បន្ទាប់ពីរូបគេបានជាប់ពន្ធនាគាររួចហើយ។
រឿងអាស្រូវនេះ គឺជាជំហានថយក្រោយមួយទៀត សម្រាប់រដ្ឋាភិបាលដែលមានសំឡេងគាំទ្រតាមពីក្រោយគណបក្សប្រឆាំង ពោលគឺត្រូវបាននាំមុខដោយគណបក្សប្រជានិយម ANO អំឡុងការស្ទង់មតិ នៅមុនការបោះឆ្នោតដែលបានកំណត់ធ្វើនៅថ្ងៃទី ៣-៤ ខែតុលា។
លោក Havlicek ដែលគណបក្សរបស់លោកមានសមាជិកសភាគ្រប់គ្រាន់ ដើម្បីជំរុញឲ្យមានញត្តិដកសេចក្ដីទុកចិត្តនោះ បាននិយាយតាមទូរទស្សន៍ឆេកថា៖ «ប្រសិនបើមិនមានអ្វីពិសេសកើតឡើងទេនោះ យើងនឹងមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត។ មិនមានជម្រើសផ្សេងទៀតនោះឡើយ»៕