ទីក្រុងមូស្គូ នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា អ៊ីរ៉ង់មាន «សិទ្ធិ» អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរប្រកបដោយសន្តិភាព ដោយការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកចង់ឲ្យទីក្រុងតេអេរ៉ង់លុបចោល «ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។
ក្នុងកិច្ចពិភាក្សាចំនួន ៥ជុំ គិតចាប់តាំងពីខែមេសាមក ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាលក្ខខណ្ឌដ៏សំខាន់នៃការជជែកគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ពោលគឺជាអ្វីដែលនឹងជំនួសកតិកាសញ្ញាដែលត្រូវបានបោះបង់ចោលដោយប្រធានាធិបតីអាមេរិក លោក Donald Trump អំឡុងអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ២០១៨។
នៅលើបណ្តាញសង្គម Truth Social របស់លោក កាលពីថ្ងៃចន្ទ (ទី២ ខែមិថុនា) លោក Trump បានប្រាប់ថា៖ «សម្រាប់កិច្ចព្រមព្រៀងនាពេលខាងមុខរបស់យើង យើងនឹងមិនអនុញ្ញាតឲ្យមានការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមណាមួយជាដាច់ខាត»។
នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា៖ «ប្រទេសនានាមានសិទ្ធិអភិវឌ្ឍថាមពលប្រកបដោយសន្តិភាព ការប្រើប្រាស់ថាមពលបរមាណូប្រកបដោយសន្តិភាពត្រូវតែកើតយ៉ាងពេញលេញ ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ»។ លោកបានបន្ថែមថា៖ «យើងជឿថា ប្រទេសនានាគួរតែបន្តរក្សាសិទ្ធិនេះ»។
លោក Peskov ក៏បានលើកឡើងជាថ្មីម្តងទៀតនូវការគាំទ្ររបស់ទីក្រុងមូស្គូ ចំពោះកិច្ចពិភាក្សា «សំដៅទៅរកដំណោះស្រាយដោយសន្តិវិធី» នៃការប្រឈមមុខដាក់គ្នា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក៕