ក្រសួងការពារជាតិ នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអេស្ប៉ាញកំពុងលុបកិច្ចសន្យាទិញប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ដែលនឹងត្រូវផលិតនៅអេស្ប៉ាញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអ៊ីស្រាអែល ដោយការលើកឡើងនេះត្រូវបានអះអាងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ការសម្រេចនេះនឹងប៉ះពាល់ដល់ការទិញប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ SPIKE LR2 ចំនួន ១៦៨គ្រឿង ដែលតាមការប៉ាន់ប្រមាណមានតម្លៃ ២៨៥លានអឺរ៉ូ (៣២៥លានដុល្លារ)។ ហើយបើយោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ប្រព័ន្ធនេះនឹងត្រូវបានផលិតនៅអេស្ប៉ាញដោយក្រុមហ៊ុន Pap Tecnos ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Rafael Advance Defence Systems របស់អ៊ីស្រាអែល។
រដ្ឋាភិបាលអេស្ប៉ាញបានអនុម័តគម្រោងនេះ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ពោលគឺរយៈពេល ៤ថ្ងៃមុនពេលការវាយប្រហារបះបោរដឹកនាំដោយក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានបង្កឲ្យមានសង្រ្គាមបំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា។
រដ្ឋាភិបាលឆ្វេងនិយមរបស់អេស្ប៉ាញ ប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ឈប់ការនាំចេញអាវុធទៅអ៊ីស្រាអែល គិតចាប់ពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែមានសេចក្តីរាយការណ៍ថា នៅមានការនាំចេញមួយចំនួន។
កាលពីខែឧសភា ឆ្នាំមុន អេស្ប៉ាញបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ជាកិច្ចប្រឹងប្រែងសម្របសម្រួលជាមួយប្រទេសន័រវែស និងអៀរឡង់។ អ៊ីស្រាអែលប្រឈមនឹងចំណាត់ការផ្លូវច្បាប់ នៅតុលាការអន្តរជាតិចំនួន ២ នៅទីក្រុងឡាអេ ប្រទេសហូឡង់៕