ភ្នំពេញ ៖ នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ង្វៀន តឺនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានសន្យារួមគ្នាថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធភាព និងបន្តរក្សាគោជំហរ ស្មារតីឆន្ទៈម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីប្រទេសនិមួយៗ ដើម្បីបំផ្លាញដល់ផលប្រយោជន៍ប្រទេសទាំងពីរឡើយ ក្នុងនោះត្រូវសហការដោះស្រាយបញ្ហាកើតឡើងប្រកបដោយប្រសិទ្ធភាព និងត្រូវកំចាត់ចោលទាន់ឲ្យបានពេលវេលា។
ការលើកឡើងរបស់ភាគីទាំងពីរនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប នារសៀលថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២៥នេះ នៅអគ្គមញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនា ថ្ងៃទី១ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ ង្វៀន តឺនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនោះ។
នៅក្នុងកិច្ចជំនួបនោះនាយឧត្តមសេនីយ៍ ង្វៀន តឺនគឿង បានគូបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានអនុវត្តកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ខណៈភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធនូវការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ជាពិសេសការប្រើប្រាស់បណ្ដាញទំនាក់ទំនងហេតុការណ៍រវាងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
ឯកឧត្តមប្រធានអគ្គសេនាធិការ បានលើកឡើងពីការអនុវត្តដោយប្រសិទ្ធភាព ក្នុងការរួមចំណែកពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ទាំងក្នុងតំបន់ព្រំដែនគោក និងតំបន់ព្រំដែនទឹកប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ដោយយកងទ័ពការពារព្រំដែន, យោធភូមិភាគ, អង្គភាពជាប់ព្រំដែន, កងទ័ពជើងទឹកប្រទេសទាំងពីរបានចែករំលែកព័ត៌មានពីស្ថានការណ៍ផ្សេងៗទាន់ពេលវេលា និងបានល្បាតរួមគ្នា ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដោះស្រាយរបញ្ហាកើតឡើងប្រកបដោយប្រសិទ្ធភាពផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរនាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ដល់ដំណើរបំពេញទស្សនកិច្ចសារជាថ្មីរបស់ នាយឧត្តមសេនីយ៍ ង្វ៉ៀន តឺនគឿង នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចនេះដែលនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើន រឹងមាំ និងប្រកបដោយភាពជិតស្និទ្ធដូចជាបងប្អូន រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងអន្តរជាតិជាដើម។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម ដែលកើតមានតំាងពីយូរលង់មកហើយ និងបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តរីកចម្រើន រឹងមាំជាលំដាប់ គ្មានកម្លាំងអមិត្តណាមកបំបែកបំបាក់បានឡើយ ទោះបីស្ថានភាពសន្តិសុខពិភពលោក និងតំបន់មានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយនោះ។
នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកន្លងមក ហើយកងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងពិធីសារដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសទាំងពីរផងដែរ។ នៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានស្នើដល់ភាគីវៀតណាមក្នុងការបន្តផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព និងប្រភេទទ័ព ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការសង្គ្រោះមហន្តរាយ ការល្បាតរួមគ្នាតាមដែនគោក ដែនសមុទ្រ កិច្ចសហការបោះបង្គោលព្រំដែន និងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីលើទឹកដីកម្ពុជាផងដែរ។
បន្ថែមពីនេះទៀត ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានស្នើឲ្យបន្តការពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដោយរួមគ្នាកសាងតំបន់ព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ៕
អត្ថបទ ៖ បាន ចក់














