មន្ត្រីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (០៣ មិថុនា) ថា ចំនួនមនុស្សដែលបានភៀសខ្លួនចេញពីប្រទេសស៊ូដង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមស៊ីវិលក្នុងឆ្នាំ២០២៣មក បានកើនឡើងលើសពី ៤លាននាក់ ហើយអ្នករួចជីវិតជាច្រើនប្រឈមមុខនឹងទីជម្រកមិនគ្រប់គ្រាន់ ដោយសារកង្វះថវិកា។

អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួន លោកស្រី Eujin Byun បានប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវថា "ឥឡូវនេះនៅក្នុងឆ្នាំទី៣ នៃសង្រ្គាមស៊ីវិលស៊ូដង់ ជនភៀសខ្លួនកើនឡើងលើស ៤លាននាក់ ដែលជាព្រឹត្តិការណ៍ដ៏មហន្តរាយមួយ នៅក្នុងអ្វីដែលជាវិបត្តិភៀសខ្លួនដ៏អាក្រក់បំផុតរបស់ពិភពលោកនៅពេលនេះ"។
លោកស្រីបន្តថា “ប្រសិនបើជម្លោះស៊ូដង់នៅតែបន្ត នោះមនុស្សរាប់ពាន់នាក់បន្ថែមទៀតរំពឹងថានឹងរត់ភៀសខ្លួន ដោយធ្វើឱ្យស្ថិរភាពក្នុងតំបន់ និងពិភពលោកស្ថិតក្នុងហានិភ័យ”។ គួរឱ្យដឹងថា ប្រទេសស៊ូដង់ ដែលបានជាប់គាំងក្នុងអំពើហិង្សាតាំងពីខែមេសា ឆ្នាំ២០២៣ មានព្រំប្រទល់ជាប់ប្រទេសចំនួនប្រាំពីរគឺប្រទេសឆាដ ស៊ូដង់ខាងត្បូង អេហ្ស៊ីប អេរីទ្រា អេត្យូពី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងលីប៊ី។
ជនភៀសខ្លួនស៊ូដង់ជាង ៨០០.០០០នាក់ បានទៅដល់ប្រទេសឆាដ ជាទីដែលលក្ខខណ្ឌជម្រករបស់ពួកគេមានភាពធ្ងន់ធ្ងរ ដោយសារកង្វះមូលនិធិ ដោយមានតែ ១៤% ប៉ុណ្ណោះនៃការអំពាវនាវផ្តល់មូលនិធិត្រូវបានឆ្លើយតប នេះបើតាមការលើកឡើងរបស់ទីភ្នាក់ងារ UNHCR៕

