ក្រុងប៉េកាំងកាលពីថ្ងៃអង្គារទី៣មិថុនាសប្ដាហ៍នេះ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន គោរពការពិត បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងកែតម្រូវការអនុវត្តខុសរបស់ខ្លួន ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យ ស្របពេលមានជម្លោះរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលថ្មីៗនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយក្នុងទីក្រុងប៉េកាំងថាការគាបសង្កត់ និងការបង្ខិតបង្ខំមិនមែនជាវិធីត្រឹមត្រូវក្នុងការចូលរួមជាមួយប្រទេសចិនទេ មួយថ្ងៃបន្ទាប់ពីសេតវិមានបាននិយាយថាទំនងជាប្រធានាធិបតីអាមេរិក Donald Trump នឹងនិយាយជាមួយលោកប្រធានាធិបតីចិន Xi Jinping នៅសប្តាហ៍នេះអំពីជម្លោះពាណិជ្ជកម្ម ប៉ុន្តែពុំមានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

ប្រទេសចិន កាលពីថ្ងៃចន្ទ ២មិថុនា នេះបានស្ដីបន្ទោសខ្លាំងៗថា សហរដ្ឋអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំងពីរ និងប្ដេជ្ញាចាត់វិធានការដ៏ខ្លាំងក្លាការពារផលប្រយោជន៍របស់ខ្លួន ហើយច្រានចោលការចោទប្រកាន់របស់លោកDonald Trump ថាជាការលើកឡើងពុំមានមូលដ្ឋានទាល់តែសោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងថា ដោយគ្មានមូលដ្ឋានការពិតណាមួយ បានលាបពណ៌ និងចោទប្រកាន់ចិន បានដាក់ការគ្រប់គ្រងការនាំចេញបន្ទះឈីបប្រឆាំងនឹងប្រទេសចិន បញ្ឈប់ការលក់កម្មវិធីរចនាបន្ទះឈីប software ទៅឱ្យប្រទេសចិន និងបានប្រកាសលុបចោលទិដ្ឋាការសម្រាប់និស្សិតចិន ក្នុងចំណោមវិធានការបង្រ្កាបដ៏ធ្ងន់ធ្ងរផ្សេងទៀត ។សកម្មភាពទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការព្រមព្រៀងទីក្រុងហ្សឺណែវ និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន។
សេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីសប្តាហ៍មុនបានចោទប្រកាន់ប្រទេសចិនថាបានរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានប្រកាសកាលពីខែមុនក្នុងទីក្រុងហ្សឺណែវរបស់ប្រទេសស្វីស៕