អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល IDF លោក Effie Defrin កាលពីថ្ងៃអង្គារ (០៣ មិថុនា) បានចោទប្រកាន់ក្រុមហាម៉ាស ថាបានធ្វើការអះអាង "បំផ្លើស" ពីឧប្បត្តិហេតុស្លាប់ដ៏ច្រើនក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នៅជិតកន្លែងចែកចាយជំនួយគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅភាគខាងត្បូងតំបន់ហ្កាហ្សា។

សន្និសីទសារព័ត៌មានតាមទូរទស្សន៍របស់អ្នកនាំពាក្យ IDF ក៏បានបង្ហាញផែនទីនៃទីតាំងយោធានៅក្នុងតំបន់ហ្កាហ្សា និងព័ត៌មានលម្អិតថ្មីស្តីពីការស្លាប់របស់ទាហាន ៣នាក់កាលពីថ្ងៃចន្ទ។

លោក Defrin បាននិយាយថា "ក្នុងសប្តាហ៍នេះ មានការអះអាងយ៉ាងបំផ្លើសថា កងកម្លាំង IDF បានបាញ់ប្រហារទៅលើជនស៊ីវិលនៅកន្លែងចែកចាយជំនួយ។ នេះគឺជារបាយការណ៍មិនពិតទាំងស្រុង និងជាការឃោសនារបស់ក្រុមហាម៉ាស" ដោយសំដៅលើរបាយការណ៍នៃការស្លាប់មនុស្ស ៣១នាក់ នៅក្បែរទីតាំងជំនួយមួយកន្លែងក្នុងទីក្រុង Rafah កាលពីព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍។

លោក Defrin បានបន្តថា "ក្រុមហាម៉ាស បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលជាអកុសលត្រូវបានយកទៅផ្សាយបន្តដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនដោយពុំមានការផ្ទៀងផ្ទាត់" ទោះបីជាសារព័ត៌មាន AP បានចេញសេចក្តីថ្លែងការណ៍មួយគាំទ្រការរាយការណ៍របស់ខ្លួនអំពីឧប្បត្តិហេតុនោះកាលពីថ្ងៃអាទិត្យក៏ដោយ៕