ការជូនដំណឹងអាសន្នពីការរឹតត្បិតរបស់ចិន លើការនាំចេញសារធាតុរ៉ែសំខាន់ៗរបស់ខ្លួន បានកើនឡើងខ្លាំងកាលពីថ្ងៃអង្គារ (០៣ មិថុនា) ខណៈក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក បានចូលរួមជាមួយសមភាគីសហរដ្ឋអាមេរិក ក្នុងការត្អូញត្អែរថា ការរឹតបន្តឹងដោយប្រទេសចិន លើការនាំចេញលោហៈធាតុកម្រ ល្បាយរ៉ែ និងប្រភេទមេដែកម៉ាញេទិច អាចពន្យាពេលផលិតកម្ម និងបង្កផលប៉ះពាល់ធំ បើពុំមានដំណោះស្រាយរហ័សទេនោះ។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ បានក្លាយជាក្រុមហ៊ុនចុងក្រោយគេ ដែលព្រមានថា ការរឹតបន្តឹងការនាំចេញរបស់ចិន គំរាមកំហែងដល់ការបិទផលិតកម្ម និងធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេធ្លាក់ចុះ បន្ទាប់ពីមានការត្អូញត្អែរស្រដៀងគ្នាពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ឥណ្ឌា កាលពីសប្តាហ៍មុន។
ការសម្រេចចិត្តរបស់ចិន កាលពីខែមេសា ក្នុងការផ្អាកការនាំចេញសារធាតុរ៉ែកម្រ និងមេដែកសំខាន់ៗជាច្រើនប្រភេទរបស់ខ្លួន បានប៉ះពាល់ខ្សែច្រវាក់ផ្គត់ផ្គង់កណ្តាលដល់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផលិតយន្តហោះ បន្ទះឈីប និងអ្នកម៉ៅការយោធានៅជុំវិញពិភពលោក។
ជំហាននេះបានគូសបញ្ជាក់ពីឥទ្ធិពលដ៏លើសលប់របស់ចិន ចំពោះឧស្សាហកម្មរ៉ែដ៏សំខាន់ ហើយត្រូវបានមើលឃើញថាជា អំណាចចរចារបស់ទីក្រុងប៉េកាំង នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរបស់ខ្លួនជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។
ការដឹកជញ្ជូនគ្រឿងដែកម៉ាញេទិច ដែលមានសារៈសំខាន់សម្រាប់ការផ្គុំអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីរថយន្ត និងយានដ្រូន រហូតដល់រូបយន្ត និងមីស៊ីល ត្រូវបានផ្អាកនៅកំពង់ផែជាច្រើនរបស់ចិន ខណៈសំណើសុំអាជ្ញាប័ណ្ណកំពុងដំណើរការតាមរយៈប្រព័ន្ធគ្រប់គ្រងរបស់ទីក្រុងប៉េកាំង៕

