អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនប្រចាំប្រទេសទួរគី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រធានាធិបតីអាមេរិកលោក Donald Trump ហាក់ដូចជាកំពុងស្ថិតនៅចុងបញ្ចប់នៃការអស់ភាពអត់ធ្មត់របស់លោក ជុំវិញជម្លោះរុស្ស៊ី -អ៊ុយក្រែន ។

លោក Tom Barrack ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី និងជាបេសកជនពិសេសសម្រាប់ប្រទេសស៊ីរី បានធ្វើអត្ថាធិប្បាយបែបនេះ អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ទួរគី NTV កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីកិច្ចចរចាជុំទីពីររវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ដែលមានរយៈពេលប្រហែល៩០នាទី។លោកត្រូវបានគេសួរអំពីការអំពាវនាវរបស់ទីក្រុងគីវ(Kiev)សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ដែលនឹងមានការរួមបញ្ចូលពីវត្តមានរបស់លោក Trump លោក Vladimir Putin និងលោក Vlodimir Zelensky របស់អ៊ុយក្រែន។
លោក Barrack បានបញ្ជាក់ថា កិច្ចប្រជុំបែបនេះត្រូវតែមានអត្ថន័យ និងផ្តល់លទ្ធផលជាសំខាន់ ខណៈទទួលស្គាល់ថារូបលោកមិនអាចនិយាយជំនួសប្រធានាធិបតីសហរដ្ឋអាមេរិកដោយផ្ទាល់បានទេ។ លោកបានបន្ថែមថា លោក Trump ដែលបានសម្តែងការខកចិត្តដោយចំហជាមួយទាំងលោក Zelensky ទាំងលោក Putin មិនត្រូវបានគេដឹងសម្រាប់ការអត់ធ្មត់របស់លោកទេ។
លោក Trump បានប្រើការប្រមូលផ្តុំយុទ្ធនាការម្តងហើយម្តងទៀតដើម្បីអះអាងថាលោកអាចដោះស្រាយជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ីក្នុងរយៈពេល ២៤ម៉ោង ជាការអះអាងដែលរូបលោកក្រោយមកទទួលស្គាល់ថាមានការលំបាក។ កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសម្របសម្រួលបានប្រឈម នឹងការតស៊ូពីសមាជិកណាតូរបស់អឺរ៉ុបដែលគាំទ្រផែនការយោធាបន្តសម្រាប់អ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី។ កាលពីសប្ដាហ៍មុន លោក Trump បាននិយាយថា ទាំងលោក Putinទាំងលោក Zelenskiy សុទ្ធតែរឹងរូសទាំងពីរនាក់។ គួររម្លឹកថាលោក Trump ធ្លាប់បានគំរាមថាអាមេរិកនឹងដើរចេញពីការសម្របសម្រួលនេះ បើគ្មានវឌ្ឍនភាព៕

