រដ្ឋបាលកូរ៉េខាងត្បូងថ្មី ទំនងជានឹងខិតខំប្រឹងប្រែងដើម្បីស្វែងរកពេលវេលាបន្ថែមសម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈខ្លួនសិក្សាស្វែងយល់ពីការចរចារបស់ប្រទេសជិតខាងធំៗគឺជប៉ុន និងចិន ដើម្បីបង្កើនជំហរ នេះបើយោងតាមប្រភពដែលដឹងពីគំនិតរបស់បក្សកាន់អំណាចថ្មី។

លោកប្រធានាធិបតី Lee Jae-myung — ដែលបានចូលកាន់តំណែងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែមិថុនា ដោយមិនរង់ចាំរយៈពេលផ្ទេរអំណាចតាមធម្មតា ២ខែ— បាននិយាយនៅមុនការបោះឆ្នោតថា "បញ្ហាដ៏សំខាន់បំផុតគឺការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក"។
អនាគតនៃសេដ្ឋកិច្ចផ្អែកលើនាំចេញរបស់កូរ៉េខាងត្បូង នឹងអាស្រ័យលើកិច្ចព្រមព្រៀងប្រភេទណាមួយដែលលោក Lee អាចធ្វើបានជាមួយអាមេរិក ដោយវិស័យសំខាន់ៗទាំងអស់របស់ប្រទេសលោក រាប់ចាប់ពីបន្ទះឈីប រហូតដល់រថយន្ត និងការកសាងនាវា បង្ហាញខ្លួនយ៉ាងសំខាន់នៅក្នុងពាណិជ្ជកម្មពិភពលោក។
កូរ៉េខាងត្បូង និងប្រទេសផ្សេងៗអាចប្រឈមនឹងសម្ពាធកាន់តែខ្លាំង ខណៈលិខិតព្រាងដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី Donald Trump ចង់ឱ្យប្រទេសនានាផ្តល់សំណើល្អបំផុតរបស់ពួកគេលើការចរចាពាណិជ្ជកម្មនៅថ្ងៃពុធនេះ ជាពេលវេលាដែលលោក Lee ទើបតែចូលកាន់តំណែង៕

