ភ្លៀងធ្លាក់ខ្លាំងជិតមួយសប្តាហ៍ បានបង្កជាទឹកជំនន់នៅភាគខាងជើង និងកណ្តាលសហភាពមីយ៉ាន់ម៉ា បង្កផលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ ដែលរងគ្រោះរួចមកហើយពីសង្គ្រាមស៊ីវិលកំពុងបន្ត និងគ្រោះរញ្ជួយដីដ៏កំណាចនាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មាន Fides របស់បុរីវ៉ាទីកង់ បានរាយការណ៍កាលពីថ្ងៃចន្ទ (០២ មិថុនា) ថា ទឹកជំនន់យ៉ាងទូលំទូលាយបានប៉ះពាល់ដល់តំបន់ Sagaing និងរដ្ឋ Kachin ដែលជាតំបន់ទាំងពីរក្នុងចំណោមទីតាំងរងគ្រោះខ្លាំងបំផុតដោយជម្លោះរវាងរបបសឹក និងកងកម្លាំងឧទ្ទាម។
របាយការណ៍និយាយថា គ្រោះទឹកជំនន់នេះបានធ្វើឱ្យស្មុគស្មាញដល់អាយុជីវិតរបស់ប្រជាជន ដែលរងគ្រោះរួចទៅហើយដោយសារជម្លោះដ៏រ៉ាំរ៉ៃ និងមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ខណៈមនុស្សជាច្រើននៅតែរស់នៅក្នុងជម្រកបណ្តោះអាសន្ន និងពឹងផ្អែកខ្លាំងលើជំនួយ។
ប្រភពក្នុងស្រុកមួយនៅរដ្ឋ Kachin បាននិយាយថា ទឹកជំនន់បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតាមស្រុកផ្សេងៗ។ ប្រភពបន្តថា កម្រិតទឹកទន្លេយ៉ាងគ្រោះថ្នាក់ជាច្រើនដូចជាទន្លេម៉ាលីកា (Malikha) ឡើងលើសកម្រិត ហើយដីកសិកម្មជន់លិចទាំងស្រុងដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់។
ប្រភពដដែលបានបន្ថែមថា ចំណែកនៅសង្កាត់ Leshi នៃតំបន់ Sagaing កសិដ្ឋាន និងភូមិនៅតាមច្រាំងទន្លេ អារ៉ាយ៉ាទី (Arayati) បានលិចលង់យ៉ាងគ្រោះថ្នាក់។ គ្រោះធម្មជាតិនេះបង្កការលំបាកជាខ្លាំងសម្រាប់ប្រជាជនក្នុងការទប់ទល់ ដោយសារកសិករភាគច្រើនបានរងផលប៉ះពាល់ដោយសង្គ្រាម និងការរញ្ជួយដីរួចទៅហើយ៕

