សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កំពុងឱ្យក្រុមការងារបច្ចេកទេសរៀបចំបង្កើតអន្ដេវាសិកដ្ឋានរបស់និស្សិតជាស្រ្ដីនៅរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាគ្រួសាររបស់សម្ដេចតេជោផ្ទាល់ មិនប្រើប្រាស់ថវិការបស់រដ្ឋឡើយ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា សម្ដេចតេជោ បានសម្រេចប្រកាសឱ្យរៀបចំបង្កើតអន្ដេវាសិកដ្ឋានរបស់និស្សិតជាស្រ្ដីនៅរាជធានីភ្នំពេញ ក្នុងឱកាសសម្ដេចតេជោ អនុញ្ញតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមថា សម្ដេចតេជោឱ្យរៀបចំបង្កើតអន្ដេវាសិកដ្ឋានរបស់និស្សិតជាស្រ្ដីនៅរាជធានីភ្នំពេញ ដើម្បីរក្សាទុកជាមរតកមួយរបស់សម្ដេចតេជោតែម្ដង និងដើម្បីចូលរួមចំណែកជួយដល់ស្រ្ដី។ ខណៈក្រោយពេលធ្វើអន្តេវាសិកដ្ឋាននេះរួចរាល់នឹងប្រគល់ដល់ក្រសួងកិច្ចការនារីដើម្បីគ្រប់គ្រងបន្ត៕




