ចំហេះព្រៃនៅប្រទេសកាណាដា ដែលបានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ២៦.០០០នាក់រួចមកហើយនោះ បានបន្តរាលដាលយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ដោយផ្សែងពីចំហេះព្រៃបានធ្វើឲ្យឈ្លក់ប្រជាជនកាណាដា និងអាមេរិករាប់លាននាក់ ហើយបានហុយចូលទៅដល់ទ្វីបអឺរ៉ុប។

ការព្រមានត្រូវបានចេញសម្រាប់ផ្នែកមួយចំនួននៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកដែលនៅជិតខាង ដោយព្រមានអំពីគុណភាពខ្យល់មានគ្រោះថ្នាក់។ ផ្នែកពន្លត់អគ្គិភ័យនៅមូលដ្ឋានទ័ពអាកាសមួយកន្លែងត្រូវបានភ្លើងឆាបឆេះនៅក្នុងខេត្ត Saskatchewan ខណៈផលិតកម្មប្រេងត្រូវបានរំខាននៅក្នុងរដ្ឋ Alberta ហើយក្រុមមន្ត្រីបានព្រមានថានឹងកាន់តែអាក្រក់ ដោយសហគមន៍ជាច្រើនត្រូវបានរងការគំរាមកំហែង។
លោក Scott Moe រដ្ឋមន្ត្រីប្រចាំខេត្ត Saskatchewan បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «យើងមានថ្ងៃដ៏លំបាកមួយចំនួននៅខាងមុខយើង» ហើយចំនួនអ្នកជម្លៀសខ្លួនអាចកើនឡើងយ៉ាងឆាប់រហ័ស។ រៀងរាល់រដូវក្តៅ ប្រទេសកាណាដា តែងតែទប់ទល់ទៅនឹងចំហេះព្រៃ ប៉ុន្តែវាបានចាប់ផ្តើមលឿនក្នុងរដូវកាលចំហេះព្រៃនៅឆ្នាំនេះ និងទំហំធំនៃការឆាបឆេះ ដែលផ្ទៃដីព្រៃជាងពីរលានហិកតា ត្រូវបានឆេះបំផ្លាញ ខណៈកំពុងធ្វើឲ្យមានការព្រួយបារម្ភ។
បម្រែបម្រួលអាកាសធាតុ បានបង្កើនផលប៉ះពាល់ដល់ព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំងនៅក្នុងប្រទេសកាណាដា ដែលនៅតែស្តារឡើងវិញពីរដូវក្តៅដ៏មហន្តរាយលកាលពីឆ្នាំ២០២៣ នៅពេលដែលដីព្រៃឈើ ១៥លានហិកតាត្រូវបានឆេះបំផ្លាញ។

