យោធាប្រទេសអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយប្រហារលើសព្វាវុធដែលជាកម្មសិទ្ធិរបស់របបស៊ីរីនៅភាគខាងត្បូងប្រទេសស៊ីរី នៅក្នុងការវាយប្រហារជាលើកទីពីរ ដែលអ៊ីស្រាអែលបានចាប់ផ្តើមបន្ទាប់ពីមានសេចក្តីរាយការណ៍ថា គ្រប់ផ្លោងពីរគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា។

ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី និងប្រភពសន្តិសុខ បានរាយការណ៍ពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល ជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងក្នុងរយៈពេលជិតមួយខែកន្លងទៅនេះ ដោយបានកំណត់គោលដៅលើទីតាំងជាច្រើនកន្លែងនៅក្នុងទីជនបទនៃទីក្រុងដាម៉ាស ទីក្រុងQuneitra និងទីក្រុង Daraa ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា លោកបានឲ្យប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ទទួលខុសត្រូវចំពោះការបាញ់ផ្លោងទាំងពីរគ្រាប់នោះ។

លោក Katz និយាយថា «យើងគិតថា ប្រធានាធិបតីស៊ីរី ទទួលខុសត្រូវដោយផ្ទាល់ចំពោះការគំរាមកំហែង និងការបាញ់ផ្លោងទៅលើរដ្ឋអ៊ីស្រាអែល ហើយការឆ្លើយតបពេញលេញនឹងកើតមានក្នុងពេលឆាប់ៗនេះ»។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ក្រសួងការបរទេសស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា របាយការណ៍នៃការបាញ់ផ្លោងចូលទៅកាន់ប្រទេសអ៊ីស្រាអែល មិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ ហើយបានបញ្ជាក់ឡើងវិញថា ស៊ីរីពុំបានគំរាម ហើយនឹងមិនបង្កការគំរាមកំហែងដល់ភាគីណាមួយនៅក្នុងតំបន់ឡើយ។