មូលនិធិមនុស្សធម៌តំបន់ហ្កហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក បាននិយាយថា មជ្ឈមណ្ឌលចែកចាយជំនួយរបស់ខ្លួននឹងត្រូវបិទនៅថ្ងៃទី៤ ខែមិថុនានេះ សម្រាប់ «ការធ្វើបច្ចុប្បន្នភាព រៀបចំ និងការងារធ្វើឲ្យប្រសើរនូវប្រសិទ្ធភាព» នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា។ សេចក្តីប្រកាសដែលបានបង្ហោះនៅលើបណ្តាញ Facebook បានព្រមានប្រជាជន កុំឱ្យចូលទៅកាន់ទីតាំងនោះ។

ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់២៧ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅជិតទីតាំងចែកចាយស្បៀងអាហារមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ នៅថ្ងៃទី៣ ដែលដំណើរការមានភាពវឹកវរ និងការបង្ហូរឈាម ដែលធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការផ្តល់ជំនួយ។

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួន បានបើកការបាញ់ប្រហារទៅលើក្រុមមនុស្សដែលពួកគេចាត់ទុកថាជាការគំរាមកំហែង បន្ទាប់ពីក្រុមមនុស្សបានចាកចេញពីផ្លូវដែលត្រូវបានកំណត់នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយនៅទីក្រុង Rafah ហើយបានចូលទៅជិតទីតាំងរបស់ខ្លួន។ មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា បានបើកដំណើរការនៅទីតាំងចែកចាយជំនួយដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពស្រេកឃ្លានដែលកំពុងរាលដាលក្នុងចំណោមប្រជាជន ២,៣ លាននាក់នៅតំបន់ហ្កាហ្សា ដែលភាគច្រើនត្រូវបានបង្ខំឱ្យបោះបង់ចោលលំនៅឋានរបស់ពួកគេដើម្បីគេចចេញពីការប្រយុទ្ធគ្នា។
ប្រតិបត្តិការរបស់មូលនិធិនេះ ដែលធ្វើរំលងក្រុមផ្តល់ជំនួយជាប្រពៃណី ត្រូវបានរិះគន់យ៉ាងខ្លាំងដោយអង្គការសហប្រជាជាតិ និងអង្គការសប្បុរសធម៌ដែលត្រូវបានបង្កើតឡើង។