ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បាននិយាយកាលពីថ្ងៃអង្គារទី៣ ខែមិថុនាថា ទីក្រុងតេអេរ៉ង់នឹងមិនចុះចាញ់ទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិកក្នុងការរុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ លោក Pezeshkian បាននិយាយនៅក្នុងសុន្ទរកថា ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា «យើងនឹងមិនសម្របសម្រួលនូវសិទ្ធិវិទ្យាសាស្ត្រ អ្នកជំនាញ និងនុយក្លេអ៊ែររបស់យើង តាមមធ្យោបាយណាមួយឡើយ»។

អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ដែលស្និទ្ធទៅនឹងក្រុមចរចារបស់អ៊ីរ៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រ ថា អ៊ីរ៉ង់ត្រៀមច្រានចោលសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះនុយក្លេអ៊ែរដែលមានរយៈពេលរាប់ទសវត្សរ៍មកហើយ ដោយច្រានចោលថា «មិនមែនជាការចាប់ផ្តើម» ដែលពុំបានដោះស្រាយផលប្រយោជន៍របស់ទីក្រុងតេអេរ៉ង់ ឬបន្ទន់ជំហររបស់ទីក្រុងវ៉ាស៊ីនតោនលើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។

បន្ទាប់ពីកិច្ចពិភាក្សាចំនួន៥ជុំរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងបេសកជនប្រចាំតំបន់មជ្ឈិមបូព៌ារបស់លោកប្រធានាធិបតី Donald Trump លោកSteve Witkoff ឧបសគ្គជាច្រើននៅតែមាន។ ក្នុងចំណោមនោះ មានការបដិសេធរបស់អ៊ីរ៉ង់ ចំពោះការទាមទាររបស់សហរដ្ឋអាមេរិក ដែលថាប្រទេសនេះប្តេជ្ញាបំបាត់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។
ទីក្រុងតេអេរ៉ង់និយាយថា ខ្លួនចង់ធ្វើជាមេគំនិតលើបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងដោយសន្តិវិធី ហើយបានបដិសេធជាយូរមកហើយនូវការចោទប្រកាន់របស់ប្រទេសមហាអំណាចលោកខាងលិច ដែលថាខ្លួនកំពុងស្វែងរកការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។