ចក្រភពអង់គ្លេស បានសន្យានៅថ្ងៃពុធ (០៤ មិថុនា) នេះថា ខ្លួននឹងផ្គត់ផ្គង់យានដ្រូនចំនួន ១០០.០០០គ្រឿង ដល់អ៊ុយក្រែន នៅចុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខ ដែលជាការកើនឡើងប្រមាណជា ១០ដង ខណៈក៏បាននិយាយថា យានដ្រូនបានផ្លាស់ប្តូរវិធីសាស្រ្តនៃការធ្វើសង្រ្គាម។

ចក្រភពអង់គ្លេស ដែលជាអ្នកគាំទ្រលោកខាងលិចដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន គ្រោងនឹងរៀនសូត្រពីការតស៊ូជាង ៣ឆ្នាំរបស់ទីក្រុងគីវ ប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងអំឡុងពេលដែលយានដ្រូនបានផ្លាស់ប្តូរស្ថានការណ៍ក្នុងសមរភូមិ។

រដ្ឋាភិបាលអង់គ្លេសនិយាយថា កញ្ចប់យានដ្រូនតម្លៃ ៣៥០លានផោន (៤៧៣ លានដុល្លារ) នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជំនួយផ្នែកយោធាដ៏ទូលំទូលាយសម្រាប់អ៊ុយក្រែន ដែលមានតម្លៃសរុប ៤,៥ពាន់លានផោន។ រដ្ឋមន្ត្រីការពារជាតិ លោក John Healey នឹងធ្វើសេចក្តីប្រកាសពីផែនការដ្រូននេះនៅក្នុងកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលមានប្រទេសចំនួន៥០ នៅទីក្រុងប្រ៊ុចសែល ដែលធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយអាល្លឺម៉ង់។

បន្ថែមពីលើការបញ្ជូនយានដ្រូន អង់គ្លេសបាននិយាយថា ខ្លួនបានបញ្ចប់ការបញ្ជូនគ្រាប់ផ្លោងកាំភ្លើងធំចំនួន ១៤០.០០០គ្រាប់ ទៅកាន់អ៊ុយក្រែន ចាប់តាំងពីខែមករា ហើយនឹងចំណាយប្រាក់បន្ថែម ២៤៧លានផោននៅឆ្នាំនេះ ដើម្បីបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន៕