ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធ (០៤ មិថុនា) នេះថា ប្រមុខពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានអំពាវនាវឱ្យអង្គការពាណិជ្ជកម្មពិភពលោក WTO ពង្រឹងការត្រួតពិនិត្យឱJកាន់តែខ្លាំងក្លាលើពន្ធឯកតោភាគី ហើយដាក់ចេញនូវសំណើគោលនយោបាយដែលមានគោលដៅច្បាស់លាស់ និងអព្យាក្រឹត។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ WTO នៅប្រទេសបារាំង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានរំលឹកឡើងវិញនូវជំហររបស់ប្រទេសចិន លើការរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយបាននិយាយថា WTO មានការគាំទ្ររបស់ចិន សម្រាប់តួនាទីសំខាន់ជាងមុននៅក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក។

ជាការឆ្លើយតបទៅនឹងការដំឡើងពន្ធតាមអំពើចិត្តរបស់សមាជិកមួយចំនួន លោក Wang បានជំរុញឱ្យសមាជិកពាក់ព័ន្ធ ធានាឱ្យការរៀបចំពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេអនុលោមតាមច្បាប់ WTO និងជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍របស់សមាជិកផ្សេង នេះបើយោងតាមសេចក្ដីថ្លែងការណ៍។

ជាមួយគ្នានេះ លោក Wang ក៏បានជួបជាមួយស្នងការពាណិជ្ជកម្មអឺរ៉ុប Maros Sefcovic នៅក្នុងកិច្ចប្រជុំនោះ ហើយបានធ្វើការពិភាក្សា "ជាក់ស្តែង និងស្មោះត្រង់" ជាមួយសមភាគីកាណាដារបស់លោក៕