រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Marcelo Ebrard បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅមុនព្រឹត្តិការណ៍មួយ កាលពីថ្ងៃអង្គារទី៣ ខែមិថុនា ថា ប្រទេសម៉ិកស៊ិក នឹងស្នើសុំការលើកលែងពីការដំឡើងពន្ធដែកថែបដែលបានដំឡើងកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដំឡើងពន្ធជាផ្លូវការលើដែកដែលនាំចូលទៅសហរដ្ឋអាមេរិករហូតដល់ ៥០%។
លោក Ebrard បាននិយាយថា «យើងនឹងស្នើសុំនៅថ្ងៃសុក្រខាងមុខនេះ ឲ្យប្រទេសម៉ិកស៊ិកត្រូវបានដកចេញពីចំណាត់ការដំឡើងពន្ធនេះ ដូចចក្រភពអង់គ្លេសដែរ» ដោយបានចាត់ទុកការសម្រេចនេះថា មិនយុត្តិធម៌ គ្មាននិរន្តរភាព និងមិនសមស្រប។

លោកក៏បានរិះគន់ចំណាត់ការនេះផងដែរ ដោយលើកហេតុផលថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានអតិរេកពាណិជ្ជកម្មជាមួយប្រទេសម៉ិកស៊ិក ហើយការរដំឡើងពន្ធ គួរតែត្រូវបានប្រើប្រាស់ក្នុងករណីមានឱនភាពពាណិជ្ជកម្ម។