ក្រសួងមហាផ្ទៃរបស់ទីក្រុងអ៊ីស្លាម៉ាបាដ បានប្រាប់សារព័ត៌មាន AFP ថា ពលរដ្ឋអាហ្វហ្គានីស្ថានជាង ២០០.០០០នាក់ បានចាកចេញពីប្រទេសប៉ាគីស្ថាន ចាប់តាំងពីរដ្ឋាភិបាល បានធ្វើជាបន្តការនិរទេសកាលពីខែមេសា។ យោងតាមក្រសួងបានឱ្យដឹងថា ពលរដ្ឋអាហ្វហ្គានីស្ថានជាង១៣៥.០០០នាក់ បានចាកចេញពីប្រទេសប៉ាគីស្ថានក្នុងខែមេសា ខណៈចំនួននេះបានធ្លាក់ចុះមកនៅត្រឹម៦៧.០០០នាក់ក្នុងខែឧសភា ហើយជាង៣.០០០នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅវិញក្នុងរយៈពេលពីរថ្ងៃដំបូងនៃខែមិថុនានេះ។

ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ បានសម្រុកចូលទៅក្នុងប្រទេសប៉ាគីស្ថានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ដោយភៀសខ្លួនចេញពីសង្រ្គាមបន្តបន្ទាប់។ មនុស្សរាប់សែននាក់ បានវិលទៅវិញចាប់តាំងពីការវិលត្រឡប់របស់រដ្ឋាភិបាលតាលីបង់ ក្នុងឆ្នាំ២០២១។

ក្រសួងបាននិយាយបន្ថែមថា ប៉ុន្តែប្រជាជនអាហ្វហ្គានីស្ថានជាងមួយលាននាក់ បានចាកចេញពីប្រទេសប៉ាគីស្ថានចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដ ចាប់ផ្តើមកម្មវិធីធ្វើមាតុភូមិនិវត្តន៍របស់ខ្លួននៅឆ្នាំ២០២៣។
អង្គការទេសន្តប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារបានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងគ្រួសារអាហ្វហ្គានីស្ថានដែលកំពុងត្រូវបាននិរទេសចេញពីប្រទេសអ៊ីរ៉ង់ ដោយកត់ត្រាចំនួន ១៥.៦៧៥នាក់ បានឆ្លងកាត់កាលពីខែឧសភា ជាការកើនឡើងច្រើនជាងពីរដងធៀបនឹងខែមុន។