ប្រទេសអ៊ីរ៉ង់ និងអាល្លឺម៉ង់ បានបង្ហាញការត្រៀមខ្លួន ដើម្បីបន្តកិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្ម។
ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអង្គារថា នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និងសមភាគីអាល្លឺម៉ង់របស់ខ្លួនគឺ លោក Johann Wadephul បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងទៀតដែលជាផលប្រយោជន៍រួម។

លោក Araghchi សង្ឃឹមថា ទំនាក់ទំនងទ្វេភាគី នឹងល្អប្រសើរឡើង ដោយបានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដល់ទីបញ្ចប់។
ចំពោះកិច្ចចរចាដោយប្រយោលដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន លោកបានលើកឡើងពីសារៈសំខាន់នៃតួនាទី «ស្ថាបនា»របស់អឺរ៉ុប ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរ។
លោក Araghchi បានបង្ហាញពីឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការបន្តការសន្ទនា ជាមួយប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេស និងសហភាពអឺរ៉ុប អំពីបញ្ហាទាំងនោះ។
ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់វិញ បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចចរចាទ្វេភាគី និងពហុភាគីជាមួយអ៊ីរ៉ង់ និងចាត់វិធានការបន្ថែមទៀត ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។
ភាគីទាំងពីរក៏បានសម្រេចចិត្តរៀបចំឲ្យមានកិច្ចចរចានយោបាយរវាងក្រសួងការបរទេសអ៊ីរ៉ង់ និងអាល្លឺម៉ង់ ទៅលើបញ្ហាទ្វេភាគីមួយចំនួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
