ជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន កំពុងឈានទៅរកការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័សផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់សកល ខណៈដែលប្រទេសទាំង២ រឹងបន្តឹងលើការចែករំលែកបច្ចេកវិទ្យាសំខាន់ៗដែលអាចមានផលវិបាកយូរអង្វែង ចំពោះឧស្សាហកម្មស្នូលមួយចំនួន។
សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានផ្អាកការលក់មួយចំនួនទៅឲ្យចិននូវសមាសធាតុ និងសូហ្វវែរ (Software) ដែលប្រើប្រាស់ក្នុងម៉ាស៊ីនយន្តហោះ និងបន្ទះឈីប ជាការឆ្លើយតបទៅនឹងការដាក់គំនាបដោយទីក្រុងប៉េកាំងលើការនាំចេញសារធាតុរ៉ែដែលប្រើប្រាស់ក្នុងវិស័យផលិតកម្មធំៗ។ ភាគីទាំង២ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានមាននូវចំណាត់ការដោយមិនស្មោះត្រង់។

សង្គ្រាមខ្សែច្រវាក់ផ្គត់ផ្គង់ ពោលគឺជាអ្វីដែលបន្ថែមពីលើពន្ធគយដែលប្រទេសទាំង២ បានផ្ដល់ផលប៉ះពាល់ដល់ការនាំចូលរបស់ភាគីម្ខាងៗនោះ បានផ្ដល់សញ្ញាអាសន្នដល់ក្រុមហ៊ុននានា ដែលថា ពួកគេមិនអាចផលិតផលិតផលរបស់ខ្លួនដោយគ្មានសមាសធាតុដែលមានប្រភពមកពីប្រទេសទាំង២។ ហើយវាបានធ្វើឲ្យមន្ត្រី នៅទីក្រុងវ៉ាស៊ីនតោន មានក្ដីបាម្ភកាន់តែខ្លាំងឡើងៗ ចំពោះវិស័យសំខាន់ៗផ្សេងទៀត ដែលចិនអាចដាក់សម្ពាធលើសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងផ្នែកឱសថ ឬការដឹកជញ្ជូនផងដែរ។
អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោកស្រី Liza Tobin ដែលឥឡូវនេះជានាយកគ្រប់គ្រងនៅក្រុមហ៊ុន Garnaut Global ជាក្រុមហ៊ុនប្រឹក្សាអំពីហានិភ័យ បាននិយាយថា៖ «សង្រ្គាមខ្សែច្រវាក់ផ្គត់ផ្គង់ដែលយើងបានរំពឹងទុកថា នឹងកើតមានអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះកំពុងកើតឡើងហើយ»។
ការពិតទៅ សមរភូមិខ្សែច្រវាក់ផ្គត់ផ្គង់ បានដំណើរការរយៈពេលជាច្រើនឆ្នាំមកហើយ ខណៈប្រទេសទាំង២ បានព្យាយាមការពារប្រឆាំងនឹងការក្ដោបក្ដាប់លើភាគីម្ខាងៗនូវទំនិញយុទ្ធសាស្ត្រ ដោយធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រៀងៗខ្លួន៕

