ដោយដកស្រង់សម្ដីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko ដែលបានលើកឡើងនៅក្នុងសុន្ទរកថាចេញផ្សាយ នាថ្ងៃពុធ (ទី៤ ខែមិថុនា) នេះ ទីភ្នាក់ងារសារព័ត៌មាន TASS បានចុះផ្សាយថា សមយុទ្ធរបស់អង្គការណាតូ (NATO) នៅសមុទ្របាល់ទិក គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈរបស់សម្ព័ន្ធភាពយោធាមួយនេះ សម្រាប់ការប៉ះទង្គិចផ្នែកយោធាជាមួយប្រទេសរុស្ស៊ី។

ទីភ្នាក់សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Grushko ដែលបាននិយាយថា៖ «យើងវាយតម្លៃសកម្មភាពយោធារបស់អង្គការណាតូថា ជាផ្នែកមួយនៃការត្រៀមលក្ខណៈ សម្រាប់ការប៉ះទង្គិចផ្នែកយោធាជាមួយប្រទេសរុស្ស៊ី»។
តាមរយៈសារព័ត៌មាន TASS ដដែល លោក Grushko បានបញ្ជាក់បន្ថែមថា៖ «ប្រសិនបើយើងពិនិត្យមើលការផ្តោតរបស់លំហាត់សមទាំងនេះ គោលគំនិត រចនាសម្ព័ន្ធនៃការដាក់ពង្រាយកងកម្លាំង កងកម្លាំងខ្លួនឯងផ្ទាល់ គុណភាពរបស់កងកម្លាំង ភារកិច្ចដែលត្រូវបានបង្កើតឡើង សម្រាប់ការហ្វឹកសមទាំងនេះ នោះគឺច្បាស់ណាស់ជាការប្រយុទ្ធប្រឆាំងនឹងសត្រូវដែលមានកម្រិតប្រហាក់ប្រហែលគ្នា»។
គួរបញ្ជាក់ថា សមយុទ្ធឈ្មោះ BALTOPS ដែលជាការហ្វឹកហាត់ប្រចាំឆ្នាំរបស់អង្គការណាតូ នៅសមុទ្របាល់ទិក និងតំបន់ជុំវិញ កំពុងត្រូវបានធ្វើឡើងក្នុងខែនេះ៕


