នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃពុធ (ទី៤ ខែមិថុនា) នេះ បាននិយាយថា លោកចង់ «ជំរុញ» កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង បន្ទាប់ពីប្រធានាធិបតីថ្មីទៅពីក្រុមកណ្តាល-ឆ្វេងនិយម គឺលោក Lee Jae-myung ឡើងកាន់អំណាច។
វិវាទ ជុំវិញបញ្ហាដែនដី និងជម្លោះដ៏ជូរចត់ ជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំរបស់ប្រទេសជប៉ុន ក្នុងអំឡុងពេលគ្រប់គ្រងឧបទ្វីបកូរ៉េ នៅសតវត្សរ៍ទី២០ អស់រយៈពេលជាច្រើនទសវត្សរ៍នោះ បានធ្វើឲ្យទំនាក់ទំនងកាន់តែអាប់អួ រវាងប្រទេសជិតខាងទាំង២។

ប៉ុន្តែប្រទេសទាំង២ ប្រែទៅជាមានភាពស្និទ្ធស្នាលជាមួយគ្នា ក្រោមរបបរបស់អតីតមេដឹកនាំកូរ៉េខាងត្បូងដែលរងភាពអាម៉ាស លោក Yoon Suk Yeol ក្នុងនោះរួមទាំងតាមរយៈការចរចាត្រីភាគី ជាមួយសម្ព័ន្ធមិត្តរួម គឺសហរដ្ឋអាមេរិកផងដែរ។
លោក Ishiba បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា៖ «ឆ្នាំនេះ គឹជាខួបលើកទី៦០ នៃការធ្វើឲ្យមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងការទូត រវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ដោយមានលោកប្រធានាធិបតី Lee Jae-myung ខ្ញុំចង់ជំរុញកិច្ចសហប្រតិបត្តិការ រវាងជប៉ុន និងកូរ៉េខាងត្បូងឲ្យកាន់តែរឹងមាំ ក៏ដូចជារវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ជាមួយគ្នានេះ លោក Ishiba បាននបញ្ជាក់បន្ថែមថា៖ «វានឹងជារឿងល្អ ប្រសិនបើយើងអាចរៀបចំកិច្ចប្រជុំកំពូលជប៉ុន-កូរ៉េខាងត្បូងនាពេលខាងមុខ»។
គួរបញ្ជាក់ថា លោក Lee បានឈ្នះការបោះឆ្នោតដែលត្រូវបានរៀបចំឡើង ក្រោយរយៈពេល ៦ខែ បន្ទាប់ពីការប៉ុនប៉ងមិនជោគជ័យ ក្នុងការប្រកាសច្បាប់អាជ្ញាសឹកដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon បានរុញប្រទេសនេះឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ៕
