មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បញ្ជាក់ថា សំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ទីក្រុងតេអេរ៉ង់ ហើយនិយាយថា ប្រទេសនេះនឹងមិនបោះបង់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនោះឡើយ។
បញ្ហាចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម បានក្លាយជាចំណុចខ្វែងគំនិតគ្នា នៅក្នុងដំណើរការចរចា រវាងអាមេរិក និងអ៊ីរ៉ង់។ ហើយលោក Khamenei បានលើកឡើងនៅក្នុងសុន្ទរកថាមួយថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅតែជាចំណុចសំខាន់នៃកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម។

អមដោយការបន្ថែមថាសំណើនេះ គឺ «១០០ភាគរយ» ផ្ទុយនឹងឧត្តមគតិនៃបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ នោះ លោក Khamenei សង្កត់ធ្ងន់ថា៖ «ក្នុងនាមជាប្រទេសឯករាជ្យ មិនមែនមានន័យថា ត្រូវរង់ចាំរហូតដល់មានភ្លើងខៀវពីអាមេរិក និងពីបណ្ដាប្រទេសដូចអាមេរិកនោះឡើយ»។
គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់លើកឡើងដដែលៗថា ខ្លួនចង់មានបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ ហើយបានបដិសេធការចោទប្រកាន់ជាយូរមកហើយពីសំណាក់មហាអំណាចលោកខាងលិច ដែលថា ខ្លួនកំពុងប្រឹងប្រែងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕

