រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ទីក្រុងប៉េកាំងមានជម្រើស ដែលត្រូវសម្រេចថា តើខ្លួនធ្វើជាដៃគូដែលអាចទុកចិត្តបានជាមួយបណ្ដាប្រទេសលើពិភពលោកផ្សេងទៀតដែរ ឬអត់ ដោយបញ្ជាក់ឡើងវិញថា ប្រទេសចិនត្រូវផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចនាំមុខដោយការប្រើប្រាស់កាន់តែច្រើនបន្ថែម ដើម្បីជួយបន្ធូរបន្ថយអតុល្យភាពពាណិជ្ជកម្មសកល។
អំឡុងពេលនិយាយតាមរយៈតំណភ្ជាប់វីដេអូទៅកាន់កិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំរបស់មូលនិធិស្វីស នៅទីក្រុង Zurich កាលពីថ្ងៃអង្គា (ទី៣ ខែមិថុនា) លោក Bessent បានលើកឡើងថា៖ «ពួកគេ (ប្រទេសចិន) ចង់ក្លាយជាដៃគូដែលអាចទុកចិត្តបាន សម្រាប់បណ្ដាប្រទេសផ្សេងទៀត នៅលើពិភពលោក ឬពួកគេមិនចង់ទេ»។

លោកបានបញ្ជាក់ថា៖ «ពួកគេកំពុងស្ថិតនៅកណ្ដាលនៃស្ថានភាពមានអចលនទ្រព្យច្រើនជ្រុល ជាអ្វីដែលខ្ញុំនឹងមិនមានការភ្ញាក់ផ្អើល ហើយនិយាយថា នេះជាវិបត្តិនោះឡើយ ប៉ុន្តែជាអចលនទ្រព្យដ៏ច្រើនដែលសាងសង់លើសកម្រិត ហើយវិធីសម្រាប់ពួកគេ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព គឺមិនមែនបង្កឲ្យមានបរិត្តផរណា និងផលិតផលលើសកម្រិត នៅពិភពលោកនោះឡើយ។ វិធីដោះស្រាយ គឺតាមរយៈកម្រិតនៃការជំរុញសារពើពន្ធ និងបញ្ឈប់ការផលិតហួសកម្រិត និងបង្កើតមូលដ្ឋានមានស្ថិរភាព សម្រាប់សេដ្ឋកិច្ចអ្នកប្រើប្រាស់»។
យ៉ាងណាក្ដី ក្នុងឱកាសនោះ លោក Bessent មិនបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការជជែកតាមទូរសព្ទដែលអាចកើតមាន រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping ដែលមន្ត្រីសេតវិមាន បានបង្ហើបថា កំពុងដំណើរការនោះឡើយ។
គួរបញ្ជាក់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ គឺសហរដ្ឋអាមេរិក និងចិន កំពុងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះការបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលពួកគេបានប្រកាសកាលពី ៣សប្តាហ៍មុននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាការព្រមព្រៀងដែលផ្អាកវិធានការពន្ធគយរហូតដល់ពាក់កណ្តាលខែសីហា ដើម្បីទុកពេលឲ្យមានការពិភាក្សាគ្នា៕
