ប្រធានាធិបតីជាប់ឆ្នោតប៉ូឡូញ Karol Nawrocki បានអំពាវនាវឲ្យលោក វ្ល៉ាឌីមី ហ្សេឡិនស្គី ធ្វើការរួមគ្នាក្នុងការដោះស្រាយ«បញ្ហាប្រវត្តិសាស្ត្រដែលនៅសេសសល់» រវាងទីក្រុងវ៉ាសូវី និងទីក្រុងគៀវ។
ដោយឆ្លើយតបទៅនឹងការអបអរសាទររបស់លោក ហ្សេឡិនស្គី លោក Nawrocki បានសរសេរនៅលើ បណ្តាញសង្គម X ថា៖«ខ្ញុំទន្ទឹងរង់ចាំបន្តភាពជាដៃគូនៃប្រទេសរបស់យើង ដោយផ្អែកលើការគោរពនិងការយល់ដឹងគ្នាទៅវិញទៅមក។ ខ្ញុំជឿថា ការបន្តភាពជាដៃគូនេះមិនត្រឹមតែទាមទារការសន្ទនាដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះស្រាយបញ្ហាប្រវត្តិសាស្ត្រដែលមានយូរមកហើយនោះ»។

ប្រមុខរដ្ឋប៉ូឡូញដែលជាប់ឆ្នោតនេះ បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែន «ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក»។
នាពេលមុននេះ លោក Nawrocki បាននិយាយថា ខ្លួនខកចិត្តនឹងលោក ហ្សេឡិនស្គី ពីព្រោះលោកមិនបានចាត់ទុកប៉ូឡូញជាដៃគូ។ លោកជឿជាក់ថា អ៊ុយក្រែនមិនគួរត្រូវបានទទួលយកទៅក្នុងសហភាពអឺរ៉ុប ឬណាតូឡើយ រហូតទាល់តែអាជ្ញាធររបស់ខ្លួន ដោះស្រាយបញ្ហាការសម្លាប់រង្គាលនៅតំបន់ Volyn ភាគពាយព្យអ៊ុយក្រែន និងបញ្ឈប់ការលើកតម្កើងអតីតមេដឹកនាំស្តាំនិយមជ្រុល លោក Stepan Bandera។ ក្នុងនាមជានាយកវិទ្យាស្ថាននៃអនុស្សាវរីយ៍ជាតិប៉ូឡូញ លោក Nawrocki បានលើកឡើងម្តងហើយម្តងទៀតអំពីកង្វះវឌ្ឍនភាពរបស់អ៊ុយក្រែនចំពោះការបញ្ចុះសាកសពរបស់ជនជាតិប៉ូឡូញ ដែលត្រូវបានសម្លាប់នៅតំបន់ Volyn ។
លោក Nawrocki បានឈ្នះជុំទី២នៃការបោះឆ្នោតប្រធានាធិបតីប៉ូឡូញ កាលពីថ្ងៃទី ០១ ខែមិថុនា ដោយទទួលបានសំឡេងឆ្នោតចំនួន ៥០,៨៩ភាគរយ។
