កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃអង្គារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាប់ខ្លួនអ្នកជួញដូរអាវុធចំនួន ៤នាក់ នៅពេលយប់ នៅក្នុងទីក្រុងរ៉ាម៉ាឡា (Ramallah) តំបន់វេសបែង (West Bank)។

យោងតាមកងកម្លាំងការពារអ៊ីស្រាអែល(IDF) ទាហានមកពីអង្គភាពចារកម្ម Duvdevan របស់ខ្លួន បានចូលរួមក្នុងប្រតិបត្តិការនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងការរត់ពន្ធអាវុធចូលទៅក្នុងតំបន់វេសបែង។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កាលពីថ្ងៃចន្ទ IDFបានចាប់ខ្លួនជនសង្ស័យ ២០នាក់ នៅតំបន់ វេសបែង ដោយបន្ថែមថា ជាផ្នែកមួយនៃប្រតិបត្តិការ កងកម្លាំងបានរឹបអូសកាំភ្លើងយន្តធុនស្រាល Carlo មួយគ្រឿង រួមជាមួយអាវុធផ្សេងទៀត។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា បុគ្គលដែលត្រូវបានចាប់ខ្លួន និងអាវុធដែលរឹបអូសបាន ត្រូវបានបញ្ជូនទៅកាន់កងកម្លាំងសន្តិសុខ ដើម្បីបន្តនីតិវិធីតាមច្បាប់។
