តោខៀវ Chelsea បានសម្រេចថា នឹងមិនទិញផ្តាច់ Jadon Sancho ឡើយ ហើយសុខចិត្តបង់ប្រាក់ពិន័យ ៥ លានផោនដើម្បីបញ្ជូនកីឡាករអង់គ្លេសរូបនេះត្រលប់ទៅ Manchester United វិញ។
ខ្សែប្រយុទ្ធស្លាបអង់គ្លេសរូបនេះ បានផ្លាស់មកកាន់ Stamford Bridge កាលពីរដូវកាលឆ្នាំមុនក្នុងកិច្ចសន្យាខ្ចី បន្ទាប់ពីទំនាក់ទំនងមិនល្អជាមួយអតីតអ្នកចាត់ការ Man United លោក Erik ten Hag។
Manchester United ដែលនាំយក Sancho ពី Dortmund តម្លៃ ៧៣ លានផោនកាលពីឆ្នាំ ២០២១ នោះ រីករាយប្រសិនបើកីឡាករវ័យ ២៥ ឆ្នាំរូបនេះចាកចេញ។
Chelsea មិនបានផ្តល់ប្រាក់សម្រាប់កិច្ចសន្យាខ្ចីនេះឡើយ ដោយគ្រាន់តែចេញថ្លៃនឿងហត់ពាក់កណ្តាល ដែល Sancho ទទួលបាន ៣០ ម៉ឺនផោនក្នុងមួយសប្តាហ៍នៅ Man United។
បើតាមកិច្ចសន្យាខ្ចីកាលពីដំបូង Chelsea ព្រមព្រៀងទិញផ្តាច់ Sancho ក្នុងតម្លៃ ២៥ លានផោននៅពេលចប់កិច្ចសន្យាខ្ចីប្រសិនបើបញ្ចប់រដូវកាលនៅ Premier League ល្អជាងចំណាត់ថ្នាក់លេខ ១៤ តែបើមិនទិញផ្តាច់ ត្រូវបង់ប្រាក់ពិន័យ ៥ លានផោននេះ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នៅសល់កិច្ចសន្យាមួយរដូវកាលទៀតនៅ Old Trafford ខណៈដែល Manchester United នៅជំពាក់ Dortmund ១៧ លានផោននៅឡើយ។
Sancho បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះ ៤-១ លើ Real Betis នៅវគ្គផ្តាច់ព្រ័ត្រ Europa Conference League និងសរុបរួមស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ប៉ះបញ្ជូន ១០ នៃការបង្ហាញខ្លួន ៤២ ប្រកួត។
ទោះបីជាកិច្ចសន្យាខ្ចីរបស់ Sancho នៅ Chelsea នៅដល់ដំណាច់ខែមិថុនានេះ អតីតយុវជនរបស់ Manchester City រូបនេះ ទំនងជាមិនមានឈ្មោះជាមួយ Chelsea ឡើយនៅ Club World Cup៕
អត្ថបទ៖នាង សុភាវុធ