ក្រសួងការបរទេសស៊ីរី បាននិយាយថា អាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី បដិសេធការជាប់ពាក់ព័ន្ធណាមួយ ក្នុងការបាញ់ផ្លោងលើទឹកដីអ៊ីស្រាអែល នាពេលថ្មីៗនេះ ហើយថ្កោលទោសចំពោះការវាយប្រហារនោះ។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សាយដោយទូរទស្សន៍ Al Ekhbariya របស់ប្រទេសស៊ីរីថា៖«យើងនៅតែផ្ទៀងផ្ទាត់ព័ត៌មានអំពីការបាញ់ផ្លោង ដែលចេញមកពីប្រទេសស៊ីរី ហើយត្រូវបានតម្រង់ឆ្ពោះទៅអ៊ីស្រាអែល។ យើងបញ្ជាក់ម្តងទៀតថា ប្រទេសរបស់យើងមិនដែលបង្ហាញ ហើយនឹងមិនបង្ហាញការគំរាមកំហែងដល់ប្រទេសណាមួយ នៅមជ្ឈិមបូព៌ាឡើយ។ យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើខេត្ត Dera'a ហើយចាត់ទុកវា ថាជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី»។

ក្រសួងការបរទេសស៊ីរី បានបន្ថែមថា ឧបទ្ទវហេតុនេះ ត្រូវបានរៀបចំឡើងដោយ «កងកម្លាំងដែលកំពុងស្វែងរកបង្កអស្ថិរភាពដល់តំបន់នេះ»។
កាលពីល្ងាចថ្ងៃអង្គារ យោធាអ៊ីស្រាអែល បាននិយាយថា ពួកគេបានរកឃើញមីស៊ីលពីរគ្រាប់ចេញពីទឹកដីនៃប្រទេសស៊ីរី ដែលបានធ្លាក់ក្នុងតំបន់គ្មានមនុស្សរស់ នៅក្នុងប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតប កងកាំភ្លើងធំអ៊ីស្រាអែល បានបាញ់ផ្លោងទៅលើស្រុកភាគខាងត្បូងមួយចំនួនរបស់ស៊ីរី។ ភ្លាមៗនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានស្តីបន្ទោសឧបទ្ទវហេតុនេះ ទៅលើរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី និងមេដឹកនាំរបស់ខ្លួន គឺលោក Ahmed Al-Sharaa។
