រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ (ទី៣ ខែមិថុនា) បានប្រកាសពីការរឹតបន្តឹងទិដ្ឋាការ ចំពោះមន្ត្រីរដ្ឋាភិបាលអាមេរិកកណ្តាលមួយចំនួន ជាចំណាត់ការដែលលោកបានប្រាប់ថា មានជាប់ពាក់ព័ន្ធជាមួយកម្មវិធីបេសកកម្មវេជ្ជសាស្រ្តគុយបា ដែលរួមមានករណីប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើកម្មករគុយបា។
លោក Rubio មិនបានប្រាប់ឈ្មោះមន្ត្រី ឬប្រទេសរបស់ពួកគេឡើយ។ លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចំណាត់ការទាំងនេះជំរុញឲ្យមានការទទួលខុសត្រូវ សម្រាប់អ្នកដែលគាំទ្រ និងបន្តអនុវត្តការកេងប្រវ័ញ្ចទាំងនេះ»។

តែតាមរយៈសេចក្ដីថ្លែងការណ៍នោះ លោក Rubio បានបន្ថែមថា៖ «កម្មវិធីនាំកម្លាំងពលកម្មគុយបា បំពានលើកម្មករ ផ្ដល់ផលចំណេញដល់របបគុយបាពុករលួយ និងធ្វើឲ្យប្រជាជនគុយបាបាត់បង់នូវការថែទាំសុខភាពសំខាន់ៗប្រចាំថ្ងៃ ដែលពួកគេត្រូវការជាចាំបាច់ នៅក្នុងប្រទេសកំណើតរបស់ពួកគេ»។
ក្រសួងការបរទេសគុយបាមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ទីក្រុង Havana បានច្រានចោលការចោទប្រកាន់បែបនេះអស់ជាច្រើនទសវត្សរ៍មកហើយ។
គួររំលឹកថា លោក Rubio កាលពីខែកុម្ភៈ បានពង្រីកគោលនយោបាយរឹតបន្តឹងទិដ្ឋាការ ដើម្បីកំណត់គោលដៅលើមន្ត្រីគុយបាដែលត្រូវបានគេជឿថា មានពាក់ព័ន្ធនឹងកម្មវិធីការងារបញ្ជូនពលករគុយបាទៅក្រៅប្រទេស ជាពិសេសបុគ្គលិកផ្នែកថែទាំសុខភាព៕
