សភាដែលមានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលីប៊ី បានបោះឆ្នោតកាលពីថ្ងៃអង្គារ ដើម្បីអនុម័តថវិកាសម្រាប់មូលនិធិអភិវឌ្ឍន៍ និងការកសាងឡើងវិញរបស់ខ្លួន បើទោះបីជាវាមិនច្បាស់ថា តើប្រាក់នេះនឹងត្រូវផ្តល់នាពេលខាងមុខ ដោយសារការបែកបាក់នៅក្នុងប្រទេសនេះ ក៏ដោយ។
សមាជិកសភាលោក Tarek Jroushi បានប្រាប់សារព័ត៌ានរ៉យទ័រថា ថវិកាចំនួន ៦៩ ពាន់លានឌីណា( dinar) លីប៊ី (១២,៧១ ពាន់លានដុល្លារ) នឹងត្រូវបែងចែកស្មើៗគ្នា ក្នុងរយៈពេល ៣ឆ្នាំ សមាជិកសភា ដោយបន្ថែមថា មូលនិធិនេះ នឹងត្រូវបានត្រួតពិនិត្យដោយសភា។

អ្នកនាំពាក្យសភាលោក Abdullah Blheg មុននេះ បានប្រកាសពីការអនុម័តថវិកា នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ដោយមិនបានបង្ហាញពីចំនួនថវិកានោះទេ។
មូលនិធិ ដែលត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈឆ្នាំមុនដោយសភាតំណាងរាស្រ្តភាគខាងកើត មានស្ថានភាពហិរញ្ញវត្ថុឯករាជ្យ។ នេះបើយោងតាមសារព័ត៌មានរបស់សភា។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើទេសាភិបាលនៃធនាគារកណ្តាល ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ី លោក Naji Issa នឹងប្រគល់ប្រាក់សម្រាប់មូលនិធិនេះឬយ៉ាងណា។ ធនាគារកណ្តាលដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី គឺជាកន្លែងដាក់ប្រាក់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិតែមួយគត់សម្រាប់ប្រាក់ចំណូលប្រេងរបស់ប្រទេសលីប៊ី ដែលជាចំណូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះ។
